ស្ពានមួយក្នុងចំណោមស្ពានជាច្រើនតាមបណ្ដាយផ្លូវបុរាណអង្គរធំស្ដុកកក់ធំធ្វើពីថ្មបាយក្រៀមដែលនៅសល់រូបរាងល្អមាំមួន។ ស្ពានមិនមាននៅសេសសល់បង្កាន់ដៃទេ ប៉ុន្តែជាស្ពានវែងមួយក្នុងតំបន់បន្ទាប់ពីស្ពានស្រែងដែលបាក់រលំអស់ទៅហើយ។ ក្រៅពីស្ពាននេះ ក្នុងតំបន់ជុំវិញនេះគេអាចសម្គាល់ឃើញស្ពានបុរាណដទៃទៀតតាមផ្លូវបុរាណនេះ ដូចជាស្ពានមេម៉ាយ ដែលសព្វថ្ងៃបម្រើជាស្ពានឆ្លងពីទីរួមស្រុកទៅកាន់អាងត្រពាំងថ្មជាដើម។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ សំណង់បុរាណជាច្រើននៅតំបន់នេះត្រូវបានរុះរើយកទៅធ្វើជាជើងទំនប់គួរឱ្យសង្វេគជាពន់ពេក។ ឧទាហរណ៍ប្រាសាទគោកប្រាសាទជាដើម ដែលនៅសល់តែទីទួលមួយតែប៉ុណ្ណោះ។