វិមានឈ្នះឈ្នះ

វិមានឈ្នះឈ្នះត្រូវបានសម្ពោធនៅចុងខែធ្នូឆ្នាំ២០១៨ ដែលវិមានលើទំហំដី៨ហិកតានេះសង់ដើម្បីរំឭកដល់ការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមកាលពីឆ្នាំ១៩៩៨ដែលនាំមកនូវសន្តិភាពពេញលេញ ដល់កម្ពុជា។ វិមានមានកម្ពស់ ៥៤ ម៉ែត្រតួផ្ទៃរាងការ៉េមានជ្រុងប្រវែង ១១៧ម៉ែត្រ។ តួខាងក្រោមមានជ្រុងចំនួន ៥ តំណាងឲ្យយុទ្ធសាស្ត្រចំនួន៥ ចំណុចរួមមាន បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍ។ ចំណែកកំពូលដែលមានកម្ពស់ ៣៣ ម៉ែត្រខាងលើតំណាងឲ្យការធានាចំនួន៣ គឺ ទី ១ ការធានារូបកាយ និងអាយុជីវិត ទី ២ ការធានាអាជីព និងមុខរបរ និងទី ៣ ការធានាកម្មសិទ្ធិទាំងចលនទ្រព្យ និងអចលនទ្រព្យ។ ក្រោយសមាហរណកម្ម កម្ពុជាមានយុទ្ធសាស្ត្រពីរ គឺទីមួយប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាទីផ្សារនិងតំបន់អភិវឌ្ឍន៍ និងទីពីរ ប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ជាប់ប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ វិមានឈ្នះ-ឈ្នះ មានឆ្លាក់រូបនៅតាមជញ្ជាំងជុំវិញបរិវេណដែលបរិយាយអំពីដំណើរឆ្ពោះទៅរកការផ្ដូលរំលំរបបខ្មែរក្រហមនិងរូបដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងសម័យថ្មីផងដែរ។

ទីតាំងនៅលើផែនទី