សារមន្ទីរស្រុកអង្គរបុរី

ទីតាំងនៃនគរភ្នំបានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន។ ដោយសារជាទីតាំងសំខាន់បែបនោះហើយ ទើបសារមន្ទីរមួយត្រូវបានបង្កើតឡើងសម្រាប់តម្កល់ទុកវត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រនានា។ សារមន្ទីរនេះ បានកសាងឡើងក្នុងឆ្នាំ ២០០៦ ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុបុរាណចាស់ៗដែលមាននៅក្នុងស្រុកអង្គរបុរី។ កាលពីមុនរាល់វត្ថុបុរាណដែលត្រូវបានរកឃើញ គឺយកទៅរក្សាទុកនៅសារមន្ទីរខេត្ត តែចាប់តាំងពីឆ្នាំ២០០៦ ដែលសារមន្ទីរស្រុកអង្គរបុរីកសាងរួចមក គឺរក្សាទុកនៅសារមន្ទីរនេះតែម្តង។ ចំពោះវត្ថុបុរាណដែលរក្សាទុកនៅក្នុងសារមន្ទីរស្រុកអង្គរបុរីនេះបែងចែកជា៤ប្រភេទ គឺទី១ប្រភេទថ្ម ទី២ប្រភេទដីដុត ទី៣ប្រភេទឆ្អឹង និងទី៤ប្រភេទស្ពាន់។ វត្ថុបុរាណភាគច្រើនប្រមូលពីបណ្តាឃុំនានា ដូចជា ឃុំអង្គរបុរី និងឃុំព្រែកផ្ទោលដែលជាទីតាំងរាជធានីនៃនគរភ្នំ សម្បូរទៅដោយវត្ថុបុរាណណាស់។ សារមន្ទីរនេះមានទីតាំងក្នុងបរិវេណរដ្ឋបាលសាលាស្រុកអង្គរបុរី ដែលជាអតីតវត្តជ្រោយ។ ក្រៅពីវត្ថុបុរាណ សារមន្ទីរក៏មានតម្កល់សិលា ចារឹកលេខ K1031, K939, K27, K28, Ka6, Ka32 និង Ka59 ផងដែរ។

ទីតាំងនៅលើផែនទី