«ភូមិត្នោត ភូមិឋានសុខភាព» ជាគោលដៅពេញនិយមទាក់ទាញភ្ញៀវទៅសម្រាកកម្សាន្តលម្ហែកាយនៅ ពេលទំនេរពីការងារ។ មិនខុសពីឈ្មោះរបស់វាទេ រមណីយដ្ឋានភូមិត្នោតនេះស្ថិតនៅកណ្តាលវាលស្រែ ព័ទ្ធជុំវិញទៅដោយដើមត្នោត និងរុក្ខជាតិតូចធំពណ៌ខៀវស្រងាត់ ដែលត្រូវបានគេថែរក្សា ដើម្បីតុបតែង ជាមួយសំណង់ធ្វើពីឫស្សី និងដើមត្នោតជាសម្បត្តិធម្មជាតិរបស់ខ្មែរ។ ការតុបតែងដ៏ត្រជាក់ភ្នែកដូច្នេះ បានធ្វើឲ្យទីនេះ ក្លាយទៅជាទីទាក់ទាញភ្ញៀវ រួមទាំងមានរសជាតិម្ហូបខ្មែរ មាន់ដុត និងសម្លកកូរត្នោតផងដែរ។ រមណីយដ្ឋានធ្លាប់ជាទីទួលខ្ពស់មួយមិនលិចទឹក មានផ្ទៃដីជាងពីរហិកតា មានដើមត្នោត១០០ ដើម និងរុក្ខជាតិតូចធំរាប់សិបដើម។ នៅរៀងរាល់ថ្ងៃអាទិត្យ ភូមិត្នោតមានផ្សារតូចមួយនៅចាំស្វាគមន៍ភ្ញៀវទេសចរ ដែលនៅផ្សារនោះមាន លក់បន្លែ ត្រីសាច់ និង វត្ថុអនុស្សាវរីយ៍ កែច្នៃចេញពីវត្ថុធាតុដើមធម្មជាតិ ច្រើនសម្រាប់ភ្ញៀវទេសចរ ហើយអ្នកដែលត្រូវបានអនុញ្ញាតឲ្យយករបស់នោះមកលក់ទៀតសោតសុទ្ធតែជា កុមារកំព្រា និងស្ត្រីមេម៉ាយនៅក្នុងភូមិឃុំនេះ ដែលទទួលបានការបណ្តុះបណ្តាលលើជំនាញកែច្នៃ និងរៀនចម្លាក់ ដោយអង្គការក្រៅរដ្ឋាភិបាល។ រមណីយដ្ឋានលំអដោយស្រះទឹក អាងហែលទឹក ភោជនីយដ្ឋាន និងមានរូបសំណាក បុរសពាក់មួកស្លឹកត្នោត ស្ពាយអង្រុត និងស្ត្រីទូលផ្លែឈើមួយល្អីយ៉ាងពេញរង់ចាំស្វាគមន៍ភ្ញៀវទេសចរ។ ចំណុចពិសេសមួយគឺក្នុងភោជនីយដ្ឋាន ទាំងតុ កៅអី សង្ហារឹមនានា សុទ្ធសឹងធ្វើពីដើមត្នោត ហើយក៏មាន ស្ករត្នោត និងទឹកត្នោត ដែលផលិតនៅទីនេះផ្ទាល់។