ប្រាសាទភ្នំអដ្ឋរស

នៅលើកំពូលមួយនៃភ្នំឧដុង្គ មានប្រាសាទបុរាណមួយ ដែលខ្លោងទ្វារប្រាសាទត្រូវបានប្រើជាចំណែក មួយនៃព្រះវិហារអដ្ឋរស្ស គឺជាវិហារមួយបែរមុខឆ្ពោះទៅទិសខាងជើងទៅវិញ។ ខ្លោងទ្វារនេះ មាននៅសល់ផ្ដែរនិងសសរពេជ្រ ដែលគបានជួសជុលឡើងវិញ ជាច្រើនដង។ នៅក្នុងព្រះវិហារនេះ មានព្រះពុទ្ធបដិមាកម្ពស់ ១៨ ហត្ថ។ បច្ចុប្បន្នព្រះវិហារនេះ នៅសល់តែសរសរធំៗ រីឯដំបូលវិញ ត្រូវបានបំផ្លាញនៅក្នុងសម័យខ្មែរក្រហម ហើយត្រូវបានជួសជុលកសាងឡើងវិញ។ តាមរឿងនិទាន ព្រះរាជាប្រទេសចិនបានចាត់បេសកជនដើរស៊ើបសួរ ដើម្បីដឹងថាតើប្រទេសណាមានអារ្យធម៌ដូចម្ដេចខ្លះ? កាលនោះក្រុមបេសកជនចិនរកឃើញថា ប្រទេសខ្មែរមុខជាជួបប្រទះនូវសេចក្ដីថ្កុំថ្កើងរុងរឿងអស្ចារ្យហើយភ្នំព្រះរាជទ្រព្យជាទីឱ្យផលល្អដល់ប្រទេសដោយមានរាងដូចសត្វមករ គឺខ្លួនមករនៅត្រង់ព្រះចេតិយត្រៃត្រិង្ស ក្បាលនឹងពុកមាត់មករនៅត្រង់ព្រះចេតិយទន្ទឹម កន្ទុយមករនៅត្រង់ព្រះពុទ្ធរូបចូលនិព្វាន មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំនោះ ថែមទាំងមានរូងមួយជ្រៅស្រឡូងទៅក្រោមផង ដែលពួកចិនយល់ឃើញថាជារូងសត្វមករ។ ដូច្នេះដើម្បីសេចក្ដីសុខដល់ប្រទេសចិនទៅអនាគត ពួកចិនចង់សន្ធប់រូងភ្នំនោះឲ្យជិត គឺមានតែមកសុំធ្វើវិហារនៅលើកំពូលភ្នំព្រះរាជទ្រព្យ ដែលក្នុងវិហារនោះ មានព្រះពុទ្ធរូបមារវិជ័យ ១ ព្រះអង្គអស្ចារ្យ កម្ពស់ ១៨ ហត្ថ ក៏ហៅថា " វិហារអដ្ឋរស្ស " ប្រែថា " វិហារព្រះ ១៨ ហត្ថ "។ ព្រះវិហារអដ្ឋរស្សត្រូវបានជួសជុលជាច្រើនលើក គឺក្នុងរជ្ជកាលព្រះចន្ទរាជា និង ព្រះនរោត្ដម ព្រះស៊ីសុវត្ថិ ដោយមានសម្ដេចព្រះមហាសង្ឃរាជ ទៀង កាន់កាប់ការផ្ទាល់ ក្នុងគ.ស. ១៩១១។

ទីតាំងនៅលើផែនទី