ភ្នំយ៉ាត

ទាក់ទងនឹងភ្នំយ៉ាតយើងនឹងដកស្រង់ប្រវត្តិសង្ខេបពីសៀវភៅប្រជុំរឿងព្រេង ដែលមានសេចក្ដីថា ក្នុងឆ្នាំ១៩២២ ជនអន្តោប្រវេសន៍ បានកសាងវត្តភ្នំយ៉ាតនៅលើកំពូលភ្នំយ៉ាត ដែលកន្លែងសក្ការៈបូជាហើយក៏ជាបេះដូងរបស់ខេត្តផងដែរ។ ដើមឡើយ អ្នកស្រុកប៉ៃលិន សុទ្ធសឹងតែជនជាតិកុឡាទាំងអស់បានមករស់នៅ តាំងពី គ.ស. ១៨៧៦ ដោយសារការប្រាថ្នាមកជីកយកត្បូង ដែលមាននៅកប់ក្នុងដី ត្រង់ជ្រលងនៃភ្នំភូមិភាគនោះ។ រហូតមកដល់ គ.ស. ១៩០៤ ដែលរាជការសៀម ត្រូវប្រគល់ដីខេត្តបាត់ដំបង ម្លូព្រៃ ស្ទឹងត្រែង ថ្វាយមកព្រះចៅផែនដីខ្មែរ ទើបដែនដីប៉ៃលិនត្រូវរាជការបារាំងកាន់កាប់ តាមរយៈរ៉េស៊ីដង់ប្រចាំខេត្តបាត់ដំបង ហើយសាងផ្លូវធ្វើថ្នល់ភ្ជាប់មកទីប្រជុំជនបាត់ដំបង។ គេតំណាលថា ពីដើមឡើយមានប្ដីប្រពន្ធពីរនាក់ មានឈ្មោះយ៉ាតដូចគ្នារស់នៅប្រកបរបរជីកត្បូងនៅស្រុកប៉ៃលិននោះ។ លុះចាស់ជរាហើយ គាត់ពុំអាចទៅធ្វើការធ្ងន់ៗដូចសព្វដងបានក៏ទៅធ្វើធម៌លើភ្នំមួយ ដែលយើងហៅថាភ្នំយ៉ាតសព្វថ្ងៃ អ្នកផងក៏នាំគ្នាសន្មតយកឈ្មោះគាត់ធ្វើជាឈ្មោះភ្នំនេះឡើង។ អ្នកស្រុកប៉ៃលិនដែលធ្លាប់យកត្បូងទៅលក់ឯស្រុកសៀមក៏ទិញបានកាំភ្លើងដៃខ្លះ កាំភ្លើងវែងខ្លះ ហើយនៅពេលអផ្សុក អ្នកទាំងនោះតែងយកកាំភ្លើងទៅបាញ់សត្វលេងពេញព្រៃ។ ការបរបាញ់សត្វនេះនាំឱ្យផ្អើល ដល់ពពួកអារក្សអ្នកតា នៅក្នុងព្រៃនោះ។ ថ្ងៃមួយ អ្នកតាមួយ ដ៏មានឫទ្ធិជាងគេ បានតំណែងខ្លួនមកជួបជាមួយតាយ៉ាត និង យាយយ៉ាត ហើយផ្ដាំផ្ញើថា កុំឱ្យដើរបាញ់ទៀតនាំឱ្យពពួកអារក្ស អ្នកតាទាំងអស់ភ័យ គេនឹងជួយឱ្យរកឃើញត្បូងថ្មយ៉ាងថ្លៃៗ ឱ្យបានក្លាយជាអ្នកមាន។ ប៉ុន្តែ បើមានបានហើយត្រូវនាំគ្នាកសាងជាវត្តមួយ នៅលើទីកន្លែងភ្នំនេះ មិនតែប៉ុណ្ណោះ ត្រូវលេងភ្លេងរាំក្ងោក រៀងរាល់ថ្ងៃសីលផង។

ទីតាំងនៅលើផែនទី