វត្តនេះជាទីសក្ការៈបូជានិងជាទីបុរាណដ្ឋានប្រវត្តិសាស្ត្រផងដែរ។ វត្តមានព្រះវិហារពីរនិងចេតិយជាច្រើន ដែលមាននៅសល់វត្ថុបុរាណជាច្រើននៅខាងជើងព្រះវិហារ និងកូនចេតិយមួយធ្វើពីថ្មភក់លាបល័ក្ខ និងទិបមាស។ នៅខាងកើតព្រះវិហារមានត្រពាំងធំមួយដែលមានកូនកោះតូចមួយចំកណ្ដាល។ ផ្តែរបុរាណមួយចំនួនត្រូវបានភ្ជាប់ទៅនឹងបេតុង និងក្នុងខ្ទមអ្នកតាមានដំកល់បំណែកបល្ល័ង្គពីថ្ម ថ្លើមអណ្ដើកដែលជាសិលាចារឹក។ វត្តនេះជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិមួយល្បីល្បាញក្នុងប្រទេស ដែលមានមហាជនរាប់ពាន់នាក់ ទៅបូជាបែរបន់តាមប្រាថ្នាផេ្សងៗ រួមទំាងព្រះរាជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តីផងដែរ។ វត្តវិហារសួគ៌ មានរឿងនិទានតំណាលថាជាព្រះរាជទ្រព្យដែលព្រះរាជាបក្សីចាំក្រុង ទ្រង់កសាងទុកជាអនុស្សាវរីយ៍ ត្រង់ទីដែលទ្រង់រត់គេចពីកងទ័ពជាមួយតាគហេ ក្នុងរវាងគ.ស ១០២៨ ឬ២៩។ តាមប្រវត្តិ គឺពេលដែល បុរសម្នាក់ឈ្មោះដំបងគ្រញូង មានមហិទ្ធិឬទ្ធិខ្លាំងពូកែ បានឡើងសោយរាជ្យក៏បង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន ហើយនៅរស់ព្រះម្នាងម្នាក់ទ្រង់ព្រះគភ៌បានភៀសខ្លួនទៅស្នាក់នៅជាមួយ តាគហេ និង យាយលាក់។ លុះពេលព្រះរាជបុត្រប្រសូត្រមកគេឃើញមានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្តនិងព្រះបាទ ហើយពេលតាយាយនិងព្រះម្នាងទៅច្រូតស្រូវកំដៅថៃ្ងចាំងមកត្រូវព្រះរាជកុមារក៏មានបក្សីមួយមកកាងស្លាបបាំងពីលើ ទើបដាក់ព្រះនាមថា"បក្សីចាំក្រុង"។ ក្នុងរជ្ជកាលព្រះបាទព្រហ្មកិល (ពញាក្រែក) ដែលសោយរាជ្យបន្តពី ដំបងគ្រញូងនោះ ក៏បានជ្រាបទំនាយថានឹងមានស្ដេចថ្មីចូលមកជ្រែករាជ្យ ទើបចាត់កងទ័ពដេញតាមចាប់ បក្សីចាំក្រុង និងតាគហេដល់ទីកន្លែងខាងលើនេះ។