គ្រឹះប្រាសាទបន្ទាយក្បាលចិន

ទីវត្តនេះមានគ្រឹះប្រាសាទសម័យមហានគរមួយ ដោយខឿនសង់ពីថ្មបាយក្រៀម ឯតួប្រាសាទត្រូវបាក់បែក នៅសេសសល់គ្រឿងបង្គំមួយចំនួន។ ប្រាសាទនេះកសាងនៅក្នុងសតវត្សរ៍ទី១១ នៃ គ.ស. ប្រហែលក្នុងសិល្បៈ ឃ្លាំង និង បាភួន។ ប្រាសាទត្រូវបានគេចាក់ដីបំពេញរហូតដល់ពេញមួយកំពែងកម្ពស់ប្រហែលពីរមែត្រ ហើយមិនដឹងកាលបរិច្ឆេទច្បាស់លាស់។ ទាក់ទងនឹងឈ្មោះវត្តវិញ អ្នកស្រុករៀបរាប់ថា កាលដើមទីនេះជាព្រៃខ្លាដំរីពុំមានមនុស្សរស់នៅទេ។ ក្រោយមកទើបមានជនជាតិចិនចូលមករស់នៅកាប់ឆ្ការព្រៃដាំបន្លែយកទៅលក់ ហើយគេអាចនៅមើលឃើញទីដីទួលនោះទៀតផង។ ថ្ងៃមួយមានចិនម្នាក់ត្រូវខ្លាខាំហែកស៊ីសល់តែក្បាល ទើបអ្នកភូមិក៏នាំគ្នាយកក្បាលរបស់ចិនម្នាក់នោះទៅតម្កល់ទុកនៅក្នុងប្រាសាទដែលជាប់ជាឈ្មោះរៀងមក។

ទីតាំងនៅលើផែនទី