ក្នុងទ្រង់ទ្រាយជាឆ្នេរនេសាទ ឆ្នេរអង្កោលបង្ហាញនូវសម្រស់ទាក់ភ្នែកមួយបែប ប្រកបដោយឆ្នេរខ្សាច់ពណ៌ស្ករត្នោតនិងដើម ដូងដុះរៀងតាមឆ្នេរ។ ឆ្នេរខ្សាច់ពណ៌ស្ករត្នោតប្រវែង ៣០០ ម៉ែត្រក្រាលភ្ជាប់វាលស្មៅបៃតងខ្ចីអមដោយព្រៃដូងរាប់រយដើមដុះរៀងតាមឆ្នេរ ជាទីឋានលម្ហែគយគន់ផ្ទៃសាគរឆ្ងាយដាច់កន្ទុយភ្នែក និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៃជំនោរសមុទ្រ។ ទីនេះស័ក្ដិសមសម្រាប់ការបោះជំរំតង់ស្នាក់អាស្រ័យ ការសម្រាកសម្រាន្ដនិងថតរូបដ៏ពេញនិយម។ ក្យូសជាច្រើនត្រូវបានសង់ជាជម្រកសម្រាប់ភ្ញៀវទទួលទានអាហារគ្រឿងសមុទ្រពីប្រជានេសាទសហគមន៍ស្រង់ឡើងពីទឹកថ្មីៗ និងស្រស់។