ភ្នំវល្លិ៍ជាអតីតទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំមួយរបស់ក្រុមខ្មែរក្រហមនៅភាគនិរតីប្រទេស ដែលបច្ចប្បន្នបានក្លាយជាតំបន់កសិទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ទីនេះមានប្រវត្តិអតីតមេបញ្ជាការខ្មែរក្រហមឈ្មោះ ឈូក រិន បានបញ្ជាឱ្យបាញ់សម្លាប់ចំណាប់ខ្មាំងបរទេស៣នាក់ ក្នុងនោះមាន ជនជាតិស្ត្រាលី បារាំង និងអង់គ្លេសនៅទីនោះ។ តំបន់ភ្នំវល្លិ៍បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ សម្បូរដោយចំការម្រេច និងដំណាំផ្សេងៗច្រើនបែប។ តំបន់នេះមានសេវាស្នាក់នៅច្រើនប្រភេទ តាំងពី បោះតង់ ផ្ទះសំណាក់ បឹងកាឡូ រហូតដល់សណ្ឋាគារនាជើងភ្នំប្រកបដោយអាងហែលទឹកជាដើម។ រមណីយជ្រលងភ្នំក្រហម ជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនទាំងនេះ ដែលទេសចរអាចជិះកង់ អុំទូក ហែលទឹក ឬជិះត្រាក់ទ័រ សណ្តោងរ៉ឺម៉ក និងមានសេវាម្ហូបអាហារដោយតម្លៃសមរម្យ។ ភ្ញៀវក៏មានជម្រើសផ្សេងទៀត គឺនៅលើភ្នំកូនសត្វជិតនោះ មានរមណីយដ្ឋានសម្រាកលំហែកាយដ៏ប្រណិត បែបសណ្ឋាគារផ្កាយបីមានអាងហែលទឹកបន្តុបលើចង្កេះភ្នំ ប្រកបដោយទេសភាពស្ងប់ស្ងាត់បែបជនបទ អាចហែលទឹកពណ៌ខៀវស្រងាត់និងគយគន់ជួរភ្នំកូនសត្វព្រមទាំងជួរភ្នំវល្លិដ៏អន្លាយសន្លឹម។