ទឹកជ្រោះឪម៉ាល់

ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃដំណាំចម្ការជាច្រើនប្រភេទនៅតាមខ្នងភ្នំលើទឹកដីសម្បូរចម្ការទុរេននេះជាទស្សនីយភាពដ៏ទាក់ទាញបំផុតសម្រាប់ដំណើរអ្នកធ្វើដំណើរកម្សាន្ដបែបផ្សងព្រេង ដែលអាចទៅដល់បានដោយថ្មើរជើងឬម៉ូតូ។ ទឹកធ្លាក់ឪម៉ាល់ កម្ពស់ជាង ១០ ម៉ែត្រឡោមព័ទ្ធដោយព្រៃព្រឹក្សាជុំជិត និងចម្ការដំណាំផ្សេងៗ។ ស្ថិតនៅក្រោមបរិវេណទឹកធ្លាក់កម្ពស់ ១២ ម៉ែត្រ ជម្រៅលិចក្បាលមនុស្សល្បាក់ ៧ ម៉ែត្របួនជ្រុង ជាទីកន្លែងដ៏ស័ក្ដិសមសម្រាប់ការលោតទឹកពីគែមជញ្ជាំងថ្ម ។ គួរបញ្ជាក់ថា ប្រភពទឹកលើភ្នំឪម៉ាល់នេះមកពីជួរភ្នំបូកគោ គឺជាធនធានសម្រាប់ ស្រោចស្រពដំណាំកសិផលរបស់ប្រជាពលរដ្ឋដែលប្រកបរបរធ្វើចម្ការនៅតាមជម្រាលភ្នំចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំតែម្ដង។ ចម្ងាយផ្លូវប្រមាណ ៤ គីឡូម៉ែត្រឡើងភ្នំ តាមផ្លូវតូចទទឹង១ម៉ែត្រ ជាវិញ្ញាសាលំបាកមួយ សម្រាប់អ្នកមិនធ្លាប់ ដោយជួនជាផ្លូវសសៀរតាមចង្កេះភ្នំ មើលឃើញជ្រោះដ៏ជ្រៅ ហើយទាមទារការប៉ិនប្រសប់បញ្ជាយាន។ ភ្ញៀវដែលគ្មានកម្លាំងដើរដល់គោលដៅ ពួកគេអាចអង្គុយសំចតក្នុងខ្ទមអ្នកចម្ការ និងសុំម្ចាស់ចម្ការជិះដោយសារ ខណៈពួកគេធ្វើដំណើរចុះឡើងភ្នំឬជួលម៉ូតូពីទីរួមខេត្តជិះទៅកាន់ទីនោះ។ ចំពោះដំណើរត្រឡប់មកវិញ ភ្ញៀវថ្មើរជើងត្រូវចំណាយពេលវេលាតិចជាងមុន។

ទីតាំងនៅលើផែនទី