ចេតិយឃុនឆាង

រមណីយដ្ឋានចេតិយឃុនឆាងជាកន្លែងទាក់ទាញភ្ញៀវទេសចរទៅទស្សនាញឹកញាប់ជាងគេក្នុងខេត្តកោះកុង ព្រោះស្ថិតនៅជិតទីរួមខេត្ត។ ឃុនឆាងឃុនផែន ជាប្រវត្តិនៃស្នេហាត្រីកោណរវាងឃុនឆាង ឃុនផែន និងនាងភឹម ដោយឃុនឆាងមានរូបរាងមិនស្អាតទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមានបានទៅដណ្ដឹងយកនាងភឹមធ្វើ ជាប្រពន្ធ។ ប៉ុន្តែនាងភឹម ដែលមានសង្សារឈ្មោះ ឃុនផែន កំពុងធ្វើជាកងទ័ព បានសុខចិត្តរៀបការ បំពេញមុខឪពុកម្ដាយហើយក៏បានផិតប្ដីទៅទាក់ទងជាមួយសង្សារចាស់ រហូតឃុនឆាង ដឹងក៏បានយករឿងទៅប្ដឹងស្តេច។ ពេលនោះស្តេចបានកាត់ក្ដីឱ្យពុះនាងភឹមជាពីរចំណែកចែកគ្នា។ ក្រោយមកឃុនឆាង បានយកសាកសពនាងទៅកប់នៅទីកន្លែងនោះដោយស្អប់និងខឹងនាងពេកថាជាស្រីក្បត់។ ប៉ុន្តែគាត់ក៏ចង់ឱ្យនាងឆាប់ចាប់កំណើតជាថ្មី ក៏យកទង់ព្រលឹងមកចងនៅត្រើយខាងកើតនៃដងព្រែកនោះឱ្យទល់មុខគ្នានឹងកន្លែងបញ្ចុះសព ហើយបានកសាងចេតិយមួយទុកជាអនុស្សាវរីយ៍ ទើបនៅត្រើយខាងលិចក៏មានឈ្មោះថាភូមិចេតិយ និងត្រើយខាងកើតក៏មានឈ្មោះថាភូមិដងទង់ រហូតដល់បច្ចុប្បន្ននេះ។

ទីតាំងនៅលើផែនទី