វត្តកំផែងមានអាយុកាលលើសពី ១០០ឆ្នាំ មកហើយ។ នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិវត្តបានជួសជុលចំនួនពីរលើក ហើយលើកទីបីនៅឆ្នាំ១៩៩៨។ ទេសចរអាចទៅទស្សនាទីនោះដោយងាយព្រោះស្ថិតនៅក្នុងក្រុង។ ពីដើមវត្តនេះ មានទីតាំងចាប់ពីផ្លូវលេខបីទៅកើត ប៉ុន្តែដោយត្រូវសាងសង់ផ្លូវលេខបីទើបត្រូវផ្លាស់ទីតាំងមកខាងលិចផ្លូវលេខបីវិញ។ វត្តកំផែងកកើតឡើងដោយសារពុទ្ធបរិស័ទពិបាកឆ្លងស្ទឹងសង្កែ ទើបសំរេចបង្កើតវត្តនេះឡើង។ វត្តមានទីធ្លាធំទូលាយមានទេសភាពនិងសួនច្បារ ដែលរៀបចំឡើងមានរបៀបរៀបរយ។ អគារនីមួយៗតុបតែងដោយក្បូរក្បាច់រចនាខ្មែរ ព្រមទាំងមានអគារពីរជាន់សម្រាប់តំកល់ព្រះអរហន្តធាតុនិងបេតិភណ្ឌជាតិ។ ភាពល្បីល្បាញមួយទៀតនៃវត្តនេះក្នុងអារម្មណ៍ប្រជាជនខ្មែរតាមអត្ថន័យបទចម្រៀង «ស្ពានឈើអភ័ព្វ» ដែលរៀបរាប់ពីវត្តនេះ។