ភ្ញៀវទេសចរទីជិតឆ្ងាយកម្រទៅដល់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះ។ ទីនេះមានទេសភាពស្រស់បំព្រង ដែលមានទឹកទន្លេមេគង្គត្រជាក់ស្រេង ថ្លាឆ្វង់អាចឆ្លុះមុខបាន ហូរខ្មួលខ្មាញ់ប្រដេញលេងនឹងផ្ទាំងថ្មផុសពីបាតទន្លេនិងលាយឡំដោយរុក្ខជាតិតូចធំពណ៌បៃតងខ្ចី។ ស្ថានភាពផ្លូវចូលលំបាកជាឧបសគ្គសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវ ដែលតំបន់ទេសចរណ៍ធម្មជាតិថ្មីដ៏កម្រនោះត្រូវបានសហគមន៍ដាក់ឈ្មោះថា «សហគមន៍ទេសចរណ៍ទឹកជួរតាចោរក្រហម ក» ដែលសូម្បីតែឈ្មោះក៏សឹងតែមិនដែលឮផង។ ពេលទេសចរបានទៅដល់តំបន់នេះធានាថា ពិតជាមានការជក់ចិត្តដិតអារម្មណ៍មិនខាន និងចង់ទៅចុះងូតកម្សាន្តឱ្យត្រជាក់កាយភ្លាមៗតែម្ដង។ ទេសភាពទឹកហូរកាត់លើថ្មរដិបរដុប អាចចុះងូតត្រាំ និងវាលខ្សាច់សក្បុសជាទីទាក់អារម្មណ៍ទេសចរ។