ប្រាសាទស្លុតី ឬប្រាសាទថ្នមប្តីកសាងឡើងនៅចន្លោះសតវត្សរ៍ទី៧ និងទី៨តាមរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានប្រាង្គបីនៅទន្ទឹមគ្នាធ្វើពីឥដ្ឋក្រហមមានទំហំប្រហាក់ប្រហែលគ្នា៥គុណ៥ម៉ែត្រកម្ពស់ប្រមាណ៧ម៉ែត្រសង់ឡើងបែរមុខទៅទិសខាងកើតតែបច្ចុប្បន្ននៅសល់តែប្រាង្គពីរប៉ុណ្ណោះដោយមូលហេតុប្រាង្គមួយទៀតត្រូវខូចខាតក្នុងសម័យខ្មែរក្រហម ត្រូវរុះរើយកឥដ្ឋទៅធ្វើជាសហករណ៍។ ប្រាសាទមានតែស្រះទឹកមួយនៅទិសឦសាននៃប្រាសាទដែលសព្វថ្ងៃនេះប្រជាពលរដ្ឋបានយកទៅធ្វើស្រែអស់ហើយ។ ប្រាសាទមានផ្តែរពីរផ្ទាំង ដែលរក្សានៅសារមន្ទីរកំពង់ឆ្នាំង។ ប្រាសាទមានរឿងនិទាន ដែលតំណាលថាកាលពីសម័យដើមមានបុរសម្នាក់បានយកភរិយាពីរនាក់និងបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត លុះចំណេរកាលក្រោយមកបុរសជាប្តីក៏បានធ្លាក់ខ្លួនមានជំងឺឃ្លង់។ ភរិយាទាំងពីររបស់បុរសនោះបាននាំគ្នាមើលថែរក្សាប្តីជាប់ ជាប្រចាំគឺពោលភរិយាទាំងពីរបានដុសលាង សម្អាតខ្លួនប្តីមិនឲ្យប្តីមានចិត្តឱសដ្ឋានឡើយ។ ប្រហែលជាមានហេតុការណ៍បែបនេះព្រមទាំង មានក្បាច់ចម្លាក់ តំណាងនៅលើផ្តែរនៃប្រាសាទផងនោះទើបគេគ្រប់គ្នាបាននិយាយតៗគ្នាមកថាជាប្រាសាទស្លុតី ឬប្រាសាទ ថ្នមប្តីរហូតមកដល់សព្វថ្ងៃ។