កោះផ្ដៅ

ទេសចរអាចទស្សនាពីចម្ងាយនូវបណ្ដុំទេសភាពធម្មជាតិនៃផ្ទៃទន្លេក្នុងរដូវប្រាំងមានភាពថ្លាឆ្លុះឃើញមុខ រុក្ខជាតិតូចធំមានស្លឹកពណ៌បៃតងស្រងាត់ដុះមាត់ច្រាំង ផ្ទាំងថ្ម និងដីរដិបរដុបលាយឡំគ្នាដោយអន្លើនៃដែនដីកោះនានា។ ដែនដីកោះនេះមានបណ្ដោយប្រហែល ៤០ គីឡូម៉ែត្រ និងទទឹងជិត ២ គីឡូម៉ែត្រនៃសហគមន៍អេកូទេសចរណ៍កោះផ្ដៅមានភូមិចំនួនបួនគឺមាន ភូមិសំភិន កោះផ្ដៅ កំពង់ក្របី និងអម្ពិលទឹក។ បងប្អូនប្រជាជនទីនេះ ច្រើនប្រកបរបរនេសាទនិងកសិកម្មយថាផល និងបន្លែបង្កាបន្ទាប់បន្សំតាមផ្ទះការចិញ្ចឹមសត្វបន្តិចបន្តួចជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ចំណុចពិសេស ដែលទាក់ទាញចំណាប់អារម្មណ៍ទេសចរ គឺដើម្បីមើលផ្សោតនិងទស្សនាពពួកសត្វស្លាបកម្រតាមរដូវកាល។ ពួកគេអាចស្វែងយល់ពីជីវភាពប្រជាជនដោយស្នាក់នៅជាមួយក្នុងភូមិជាច្រើនថ្ងៃផងដែរ។ សេវាកម្មផ្ទះស្នាក់នៅមានចំនួន ១៧ ផ្ទះ។ ចំណែកម្ហូបអាហារវិញគឺភ្ញៀវអាចទទួលទានតាមទម្លាប់ក្នុងភូមិឬអាចបញ្ជាទិញទុកជាមុន ព្រោះកោះមិនមានផ្សារហើយក៏នៅឆ្ងាយពីតំបន់ដីគោកទៀត។

ទីតាំងនៅលើផែនទី