ប្រាសាទអំពិលរលំ

ប្រាសាទអំពិលរលំ ជាឈ្មោះដែលយើងស្គាល់តាមឯកសារផ្សេងៗរបស់អ្នកស្រាវជ្រាវតែប៉ុណ្ណោះ ពោលគឺមិនមែនជាឈ្មោះដែលអ្នកស្រុកហៅទេ។ ប្រាសាទអំពិលរលំ សាងអំពីឥដ្ឋរាងបួនជ្រុងស្មើ មានប្រាង្គបីរត់ជួរគ្នាពីជើងទៅត្បូង បែរមុខទៅទិសខាងកើត។ សព្វថ្ងៃ ប្រាង្គកណ្ដាលនៅឈរមានរូបរាង ក្បែរព្រះវិហារថ្មីមួយនៅខាងកើត រីឯប្រាង្គសងខាងចំនួនពីរទៀតបានបាក់បែកនិងបាត់រូបរាងទាំងស្រុងទៅហើយ។ ប្រាសាទដែលនៅមានរូបរាងក៏មិនល្អណាស់ណាដែរ ពោលគឺផ្នែកដំបូលបានបាក់បែកទាំងស្រុងទៅហើយ។ ប្រាសាទនេះមានទ្វារចូលនៅទិសខាងកើត និង នៅទិសផ្សេងៗទៀតពុំមានរចនាជាទ្វារបញ្ឆោតឡើយ។ នៅមុខខាងកើត និងខាងជើង មាននៅសល់ចម្លាក់វិមានអណ្ដែតធ្លាក់ជាប់នៅលើជញ្ជាំង ប៉ុន្តែចម្លាក់វិមានអណ្ដែតនៅប្រាសាទនេះ មានរូបរាងខុសប្លែកពីគេ គឺមានតែក្បាច់លម្អជារាងអគារប្រាសាទសុទ្ធតែម្ដង។ ប្រាសាទមានស្រះ៤ គឺនៅខាងជើងហៅថា បឹងវែង ប្រវែង ១៨០x៧៥ ម៉ែត្រ, នៅខាងកើតជិតប្រាសាទហៅថា “ត្រពាំងតាលៀង” ប្រវែង ៦០x៤០ម៉ែត្រ, ស្រះ “ត្រពាំងជ្រៃ" ប្រវែង ១៦០x៤៦ ម៉ែត្រ និងស្រះធំមួយទៀតស្ថិតនៅចំអ័ក្សខាងកើតទល់មុខប្រាសាទប្រមាណ ៥០០ម៉ែត្រ ហៅថា “ទន្លេក្លាយ" ដែលមានប្រវែង ១៨០x ១២៥ម៉ែត្រ។ នៅរវាងឆ្នាំ២០០៦ មានផ្តែរទ្វារចំនួនពីររក្សាទុកនៅទីនោះ តែបានបាត់បង់ទៅហើយ។ នៅក្បែរប្រាសាទ មាននៅសល់ជើងទម្របដិមាមួយដុំរាងបួនជ្រុងស្មើ មានឆ្លាក់រូបគ្រុឌមានរចនាបថកោះកេរ នៅស.វ.ទី១០។ សិលាចារឹកចំនួនពីរលេខ K.162, K.163 ដែលបង្ហាញព្រះនាម “ព្រះកម្រតេងអញស្រីអវលោកិតេស្វរ" ដំបូងបំផុតនៅក្នុងសំណេរខ្មែរបុរាណនិងព្រះនាមអាទិទេពចំនួនបីអង្គនៅក្នុងព្រះពុទ្ធសាសនា មហាយាន ពោលគឺ ព្រះកម្រតាងអញសាស្តា, ព្រះកម្រតាងអញមៃត្រិយ និងព្រះកម្រតាងអញ សីអវលោកេស្វរ។ ចំណែក សិលាចារឹក K.162 វិញ ចារឹកនៅលើមេទ្វារទាំងសងខាងនៃប្រាង្គកណ្ដាលប្រាសាទអំពិលរលំ។ សរុបមក ប្រាសាទអំពិលរលំទំនងជាកសាងឡើងនៅចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ក្នុងស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧) ឬ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧-៦៨១) ហើយក្រោយមកនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨៩៤១) គេបានកែលម្អបន្ថែមជាសំណងព្រហ្មញ្ញសាសនាជំនួសវិញ។

ទីតាំងនៅលើផែនទី