ឆ្នេរខ្សាច់ដីដុះជាទីតាំងរមណីយដ្ឋាននាមាត់ទន្លេ ដែលកំពុងពេញនិយមសម្រាប់ងូតទឹកលេងកម្សាន្តរបស់ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលបានទៅដល់ទឹកដីខេត្តព្រៃវែងនេះ ។ ឆ្នេរខ្សាច់ កន្លែងកម្សាន្តដីដុះនេះមាន ដីខ្សាច់ដុះចេញពីក្នុងទន្លេចាប់ពីមាត់ច្រាំងរហូតដល់កណ្ដាលទន្លេ និង លាតសន្ធឹងយ៉ាងល្វឹងល្វើយតាមបណ្តោយ ដងទន្លេមេគង្គចម្ងាយប្រមាណ ជាង ២ គីឡូម៉ែត្រ ។ ក្រៅពីងូត ទឹកកម្សាន្ត ភ្ញៀវទេសចរអាចលេងកីឡា រាំលេងកម្សាន្ត និង ធ្វើពិធីជួបជុំផ្សេងៗជាមួយនឹងការទទួលទានម្ហូប អាហារ ដ៏មានឱជារសគ្រប់ប្រភេទដែលមានលក់នៅលើឆ្នេរខ្សាច់ ជាពិសេសភ្ញៀវ ទេសចរអាចបើកយាន ជំនិះរបស់ខ្លួនចូលទៅដល់មាត់ទឹកដែលនៅកណ្តាល ទន្លេតែម្តង ។ ដោយសារកត្តាអំណោយផលពីធម្មជាតិ បែបនេះទើបធ្វើឱ្យភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិចូលចិត្តនាំក្រុមគ្រួសារ ទៅងូតទឹកលេង កម្សាន្តនៅ តំបន់ដីដុះនេះ ជាពិសេសនៅរដូវបុណ្យទាន ដូចជាថ្ងៃបុណ្យភ្ជុំបិណ្ឌ និង ថ្ងៃចូលឆ្នាំជាដើម ជាក់ស្តែងនៅ រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំខ្មែរ ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិបាននាំគ្នាទៅងូតទឹកលេង កម្សាន្តនៅតំបន់ដីដុះនោះមានចំនួនរហូតដល់ទៅរាប់ម៉ឺននាក់ ដោយសារតែទីនេះមានភាពទាក់ទាញ។