ប្រាសាទមេបុណ្យខាងលិច

ប្រាសាទត្រូវបានកសាងដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២នៅ ពាក់កណ្ដាលសតវត្សរ៍ទី១១។ ប្រាសាទនេះកសាងឡើងលើដីទួលមួយកន្លែង ចំកណ្ដាលបារាយណ៍ខាងលិច ឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះមានកំពែងព័ទ្ធជុំវិញដែលមានគោបុរៈបី។ ប្រាង្គភាគច្រើននៃប្រាសាទនេះបានដួលរលំ ប៉ុន្តែត្រូវបានជួសជុលឡើងវិញ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ គឺជាព្រះវិស្ណុធ្វើអំពីសំរឹទ្ធិ មួយកំណាត់ខ្លួន(ចាប់ពីដើមទ្រូងឡើងដល់ព្រះសិរ)។ យោងតាមឯកសារលោក ជីវតាក្វាន់ ដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ១២៩៥ ប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យនៃរឿងកំណើតព្រះព្រហ្ម។ ប្រាសាទនេះមានលក្ខណៈពិសេស ជាសំណង់ប្រាសាទមានកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយ។ កំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី។ ចំណែកនៅកណ្ដាលស្រះទឹកខាងក្នុងមានសំណង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្ដូងទឹក មានអង្កត់ផ្ចិតប្រហែល៣ ម៉ែត្រ។

ទីតាំងនៅលើផែនទី