ប្រាសាទព្រះវិហារ, ប្រាសាទស្រីសិខរីស្វារៈ

ប្រាសាទនេះសង់នៅចុងសតវត្សរ៍ទី១១ ដើម្បីបូជាព្រះសិវៈ ក្នុងរជ្ជកាលស្ដេចជាច្រើនអង្គរួមមាន ព្រះបាទយសោវរ្ម័នទី១ និងសូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទព្រះវិហារ គឺជាប្រាសាទខ្មែរនៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៦២៥ ម៉ែត្រនៃភ្នំដងរែក។ ប្រាសាទមានទីតាំងដ៏អស្ចារ្យបំផុតក្នុងចំណោមប្រាសាទដែលបានសាងសង់ក្នុងសម័យអាណាចក្រខ្មែរ។ ប្រាសាទសង់លើផ្ទៃដីទំហំ ៨០០x៤០០ ម៉ែត្រ នេះមានគោបុរៈចំនួន៥ តភ្ជាប់ដោយកម្រាលថ្ម និងជណ្ដើរមានប្រវែងប្រហែល ៨០០ម៉ែត្រ និងត្រូវបានសាងសង់ឱ្យមើលឃើញនូវទេសភាពដែលនៅជុំវិញនោះបានយ៉ាងច្បាស់។ ប្រាសាទសាងសង់តាមបណ្ដោយអ័ក្សជើងត្បូង ជារាងជាចតុកោណកែងឆ្ពោះទៅខាងកើត។ គេជឿថាប្រាសាទនេះត្រូវបានសាងសង់ឡើងតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រកម្ពុជាវិញនៅឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិទីក្រុងឡាអេប្រទេសហូឡង់។ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភ័ណ្ឌពិភពលោកដោយអង្គការ UNESCO។ ចម្លាក់នៅលើហោជាងមានរចនាបថបន្ទាយស្រី ហើយនៅទីនេះក៏មានសិលាចារឹកជាច្រើនផងដែរ។ ក្រៅពីនេះមានជណ្តើរបុរាណខាងជើងមានចំនួន១៦០កាំដែលមានបង្កាន់ដៃនាគពីជ្រុងខាងព្រំដែនថៃ។ ជណ្តើរនេះមានទទឹង ៨ម៉ែត្រ និងបណ្តោយ ៧៨,៨ម៉ែត្រ អមដោយរូបចម្លាក់តោនៅសងខាងជណ្តើរ។ ប្រាសាទមានស្រះទឹកបុរាណមួយដែលគេជឿថាជាទឹកពូកែស័ក្ដិសិទ្ធិគឺជាស្រះទឹកខ្នាតធំដែលមានទទឹងប្រវែង ១៦.៨០ម៉ែត្រនិងបណ្តោយប្រវែង ៣៧.៨០ម៉ែត្រ។ ប្រាសាទមានសំណង់ជាច្រើនដទៃទៀតចាប់ពីគោបុរៈទី៤ដល់ទី១។

ទីតាំងនៅលើផែនទី