ប្រាសាទតែមួយគត់ក្នុងខេត្តដែលអាចទៅដល់ដោយស្រួល បន្សល់រូបរាងតែជាគំនរឥដ្ឋបែកបាក់និងសំណល់ជញ្ជាំងតិចតួចគួរឱ្យសោកស្ដាយពន់ពេក។ ក្រៅពីនេះក្នុងខេត្តមានប្រាសាទដទៃទៀតដែលនៅកប់ក្នុងទីឆ្ងាយមិនទាន់មានផ្លូវធ្វើដំណើរទេសចរណ៍ទៅដល់ដោយស្រួលបានដូចជាប្រាសាទល្បើកស្រុត ប្រាសាទព្រះធាតុខ្វាន់ពីរជាដើម។ លោកយាយដែលជាអ្នកនៅថែរក្សាអាស្រមមួយក្នុងទីប្រាសាទបានឱ្យដឹងថា ពីមុនប្រាសាទនេះនៅមានរូបរាងល្អប្រកបដោយប្រាង្គចំនួនប្រាំ បែរទៅកើតសង់រត់ជួរគ្នាបីខាងមុខនិងពីរខាងក្រោយ ប៉ុន្តែត្រូវបានគាស់បំផ្លាញដោយជនខិលខូចរកកំណប់។ គាត់បន្ថែមទៀតថា ជាអកុសលពួកជនអស់ទាំងនោះបានស្លាប់អន្តរធានអស់ទៅហើយ(?)។ នៅទីនោះ គេអាចឃើញសំណល់វត្ថុបុរាណ ដូចជាផ្ដែរធ្វើពីថ្មភក់ និងគ្រឿងបង្គុំសំណង់ផ្សេងៗទៀត។