ប្រាសាទគុកអំពិលទ្វារ

ប្រាសាទគុកអំពិលទ្វារមានកំពែងថ្មបាយក្រៀមកំពស់ប្រមាណ ២.៥ ម. ព័ទ្ធជុំវិញ ទំហំ ៣០ x ៣០ ម.។ តាមកំណត់ត្រាចាស់ទីនេះជាក្រុមប្រាសាទមានប្រាង្គបីសង់លើខឿនតែមួយ បែរមុខទៅកើត រត់ជួរជើង-ត្បូង តែគួរឱ្យស្ដាយ ប្រាង្គពីរទៀតត្រូវរលំបាក់បែកអស់។ តួប្រាង្គកណ្ដាលធំជាងគេ មានច្រកចូលពីខាងកើត និងទ្វារបញ្ឆោតធ្វើអំពីឥដ្ឋនៅទិសផ្សេងៗទៀត។ គេបានចាក់បំពេញដីក្នុងកំពែងទំហំ ៣០ម. បួនជ្រុងនោះកប់បាត់ជើងប្រាសាទ នៅសល់ត្រឹមមួយកំណាត់ទ្វារឡើងលើ។ មានការកែកុនជាច្រើន ដូចជាការសាងសង់រោងស៊ីម៉ង់មានដំបូលគ្របពីលើ ការសាងសង់សត្វតំណាងឆ្នាំទាំង ១២ នៅជុំវិញជាប់នឹងជញ្ជាំងប្រាសាទផងដែរ។ ប្រាង្គ ដែលនៅសល់តែ ១ សង់ពីឥដ្ឋ មានទំហំ ៤.៥ x ៥.៥ ម. កម្ពស់នៅសល់លើដី៧ ម.។ ចម្លាក់ផ្ដែរថ្មភក់នៅល្អស្អាត ជារូបព្រះឥន្ទជិះដំរី រចនាបថឃ្លាំងបាពួន ហើយបើពិនិត្យតាមសំណល់មានសសរពេជ្រសម័យមុនអង្គរនៃប្រាង្គពីរទៀត។ វត្តនេះក៏មានព្រះវិហារចំណាស់ផងដែរ។

ទីតាំងនៅលើផែនទី