ភ្នំនាគខៀវ

ភ្នំមួយខ្ពស់ដែលប្រជាពលរដ្ឋតែងមានជំនឿថា មានបារមីពូកែស័ក្ដិសិទ្ធិរហូតទល់បច្ចុប្បន្ន ជាភ្នំថ្មធម្មជាតិពីជំនាន់ដើមមក។ នៅចង្កេះភ្នំនេះមានល្អាងថ្មធំៗជ្រៅជាច្រើនកន្លែង ដែលទិដ្ឋភាពនោះហាក់ដូចមានមនុស្សសម័យដើមរៀបចំទុកដាក់ជាកន្លែងស្នាក់នៅក្នុងរូងភ្នំ ព្រមទាំងមានទឹកជ្រាបស្រក់ចេញពីថ្មធ្លាក់ មកជាដំណក់ទឹកថ្លាយង់នៅក្នុងល្អាងភ្នំនេះផងដែរ។ ប្រជាពលរដ្ឋនៅជុំវិញនេះដែលមានជំនឿ តែងនាំគ្នាមកសុំទឹកដែលស្រក់ពីលើកំពូលភ្នំនេះយកទៅលុបលាងមុខ ប្រោះព្រំផ្ទះសម្បែងដោយគិតថាទឹកនេះជាទឹកមន្តរបស់អ្នកសច្ចំមានបារមីខ្លាំងពូកែអាចជួយមនុស្សរំដោះគ្រោះឧបទ្រពចង្រៃបាន។ ប្រជាពលរដ្ឋក៏តែងតែនិយមមកធ្វើបុណ្យជារៀងរាល់ឆ្នាំ ជាពិសេសជនជាតិដើមភាគតិចកួយ ដែលគាត់មានជំនឿថា ជាកន្លែងមនុស្សជំនាន់ដើមរស់នៅ ព្រោះអ្វីៗនៅក្នុងល្អាងថ្មមានស្លាកស្នាម បញ្ជាក់ពីភាពស័ក្ដិសិទ្ធិ ហើយបច្ចុប្បន្នបានរលាយទៅជាថ្មដូចជា រូបដំរីកណ្ដឹងសាមព័ន្ធ ដំរីសភ្លុកខៀវ ជាដើម។ សព្វថ្ងៃតំបន់នេះអាជ្ញាធររួមនឹងព្រះសង្ឃពុទ្ធបរិស័ទមូលមតិគ្នារៀបចំបង្កើតជាកន្លែងមជ្ឈមណ្ឌលវិបស្សនាធុរៈផ្នែកព្រះពុទ្ធសាសនា និងបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិ។

ទីតាំងនៅលើផែនទី