ប្រាសាទបាណន់

រឿងព្រេងភ្នំនេះតំណាលពីសេដ្ឋីម្នាក់មានកូនស្រីឈ្មោះនាង រំសាយសក់ ដែលចេះតែឈឺ ហើយក្រោយមកមានតាបសឈ្មោះតាគ្រាមបានមើលជំងឺនាងជា ទើបឪពុកបានផ្សំផ្គុំនាងជាភរិយាតាបសនោះ។ តាបសបានបង្ហាត់បង្រៀនឱ្យនាងចេះមន្តអាគមជាច្រើន។ ក្រោយមកមានព្រះរាជបុត្រមួយអង្គនាមចៅរាជកុលមកសុំរៀនមន្តវិជ្ជាពីតាគ្រាម ប៉ុន្តែតាបសហាមមិនឱ្យមើលប្រពន្ធគាត់សោះ ព្រោះនាងរំសាយសក់រូបល្អណាស់។ ពេលតាបសមិននៅ ចៅរាជកុលក៏ទៅលួចមើលប្រពន្ធគាត់ហើយកើតសេចក្ដីប្រតិព័ទ្ធ។ ឯនាងក៏ស្រឡាញ់ចៅរាជកុលដែរទើបរកឱកាសល្អនាំគ្នាជិះសំពៅរត់ចោលតាបសទៅ។ តាបសតាមទៅដល់មាត់សមុទ្រក៏សេកមន្តវិជ្ជាហៅខ្យល់ព្យុះដើម្បីបំផ្លាញសំពៅ ប៉ុន្តែនាងរំសាយសក់ក៏ចេះមន្តវិជ្ជារំលាយខ្យល់កំណាចនោះផុតអស់។ តាបសឈឺចិត្តខ្លាំងពេកក៏ដួលស្លាប់នៅឆ្នេរសមុទ្រនោះទៅ។ ចំណែកនាងជាប្រពន្ធដើមរបស់ចៅរាជកុលក៏បានប្រើក្រពើឈ្មោះ អាធន់ ឱ្យទៅឃាំងផ្លូវកុំឱ្យចៅរាជកុលជួបនាងរំសាយសក់បាន។ ពេលនោះនាងរំសាយសក់បានបន់ទេវតារក្សាភ្នំថា «សូមឱ្យតែជួយប្ដីខ្ញុំឱ្យរួចពីគ្រោះថ្នាក់ចុះ ខ្ញុំនឹងថ្វាយភ្នំនេះ»។ ដោយអំណាចបំណន់នោះ នាងនឹងប្ដីក៏បានសុខសប្បាយ ហើយថ្វាយភ្នំនោះលាបំណន់ ទើបគេហៅភ្នំនោះថា ភ្នំបំណន់ ហើយសព្វថ្ងៃហៅក្លាយមកជា ភ្នំបាណន់ វិញ។ ប្រាសាទបាណន់មានរចនាបថចន្លោះសតវត្សរ៍ទី ១១ និងទី ១២ ផ្ដើមកសាងដោយព្រះបាទឧទយាទិត្យាវរ្ម័នទី២ ហើយបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះសង់លើកំពូលភ្នំដែលមានកម្ពស់ប្រមាណជាង១០០ម៉ែត្រ ដោយមានកាំជណ្ដើរចំនួន៣៥២កាំ។ ប្រាសាទនេះសង់លើខឿនថ្មបាយក្រៀមហើយមានប្រាង្គកណ្ដាលសង់ពីថ្មភក់រាងបួនជ្រុងស្មើមានទ្វារចូលគ្រប់ទិសទាំងបួនព្រមទាំងយ៉ផង។ កំពែងថ្មបាយក្រៀមជាថែវរាងបួនជ្រុងស្មើ មានខ្លោងទ្វារបួនរាងកាកបាទនៅតាមជ្រុងកែងនៃកំពែង។ ប្រាសាទមានទ្វារបញ្ឆោតនិងជណ្ដើរថ្មបាយក្រៀមនៅជ្រុងកើត ជើងនិងត្បូងនៃលាន ដែលជណ្ដើរខាងកើតមានលំអដោយបង្កាន់ដៃនាគ។ ហោត្រ័យប្រាសាទសង់ពីថ្មបាយក្រៀមរាងចតុកោណកែង មានត្រពាំងមួយស្ថិតនៅខាងត្បូងផ្លូវចូលនិងត្រពាំងធំមួយស្ថិតនៅខាងកើត។ នៅប្រាសាទនេះគេធ្លាប់រកឃើញព្រះពុទ្ធរូបឈរមួយ, សីមាមានចម្លាក់រូបមនុស្ស, ផ្តែរមួយនិងសិលាចារឹក K. ២០១, K. ២០២ និង K ២០៣។

ទីតាំងនៅលើផែនទី