ប្រាសាទព្រៃដើមស្រុក

ប្រាសាទមានឈ្មោះផ្សេងទៀតដូចជា ប្រាសាទព្រៃជើងស្រុក, ព្រៃចុងស្រុក, ព្រះធាតុរាជមន្ទីរផងដែរ។ ឈ្មោះទាំងនេះប្រហែលជាល្អៀងដោយការកត់សូររបស់បារាំងរវាងពាក្យ «ជើង» និង «ចុង» តែអ្នកស្រុកនិយមហៅថា ដើមស្រុក គឺមានន័យប្រហែលនឹង ជើងស្រុក គឺព្រៃចាប់ផ្ដើមពីទីនេះទៅ។ ប្រាសាទឥដ្ឋនាសម័យពាក់កណ្តាលសវ.ទី៧ និងទី៨ និងក្រោយមកនាសម័យអង្គរក្នុងកំឡុងស.វ.ទី១០ មានការកែលម្អឡើងវិញ។ ប្រាសាទមានកំពស់ប្រមាណ ១៣ ម៉ែត្រ គិតទាំងផ្នែកដែលកប់ក្នុងដី និងទំហំជាង ៥ ម៉ែត្រ ៤ ជ្រុង ហើយស្ថិតលើទួលមួយមានទំហំប្រមាណជា ១០០ ម៉ែត្រ។ ប្រាសាទមានប្រាង្គតែមួយ បែរទៅទិសខាងកើត មានទ្វារបញ្ឆោត៣ នៅជ្រុងផ្សេងទៀត។ បា្រសាទនេះព័ទ្ធជុំវិញទៅដោយសិន្ធុ មានសសរពេជ្រ មេទ្វារ និងផ្តែរ សោមសូត្រ ជើងទម្រសាងពីថ្មភក់ និងថ្មថ្លើមអណ្តើក (ថ្មស៊ីសឬថ្មស្រទាប់)។ ប៉ុន្តែតាមការសង្កេត អាចមានប្រាង្គច្រើនទៀត ដែលដួលរលំ ហើយត្រូវបានគ្រប់ពីលើដោយសំណង់ថ្មី។ ទីនេះជាប្រភពសិលាចារឹកលេខ K761 ដែលត្រូវបានយកទៅតម្កល់នៅសារមន្ទីរជាតិ ហើយមានផ្ដែរដែលឆ្លាក់មិនទាន់រួច និងសសរពេជ្ររាងមូល។ យោងតាមសិលាចារឹកនេះបញ្ជាក់កាលបរិច្ឆេទ ឆ្នាំ៥៥៥ សក. ដែលត្រូវឆ្នាំ៦៣៣គ.ស. នៅចុងរាជ្យរបស់ព្រះបាទស្រីឦសានវម៌្មន។ ប៉ុន្តែអត្ថសិលាចារឹក២ ជ្រុងទៀតអក្សរបែបសម័យអង្គរវិញ ដែលជាតង្វាយមូលនិធិរបស់ព្រាហ្មណ៍ ឈ្មោះថា ស្រីធរស្វាមិ រួមជាមួយ ក្រឹស្នហរ មានដូចជា បារាយណ៍ទឹក និងបង្គោលព្រំសីមា។ បន្ទាប់មកទៀតជាពាក្យបណ្តាសាដល់ជនណា ដែលបានបំពារបំពានយកទ្រព្យសម្បត្តិរបស់ទេវស្ថាន ឱ្យស្លាប់ទៅត្រូវរងទុក្ខនៅស្ថាននរក។

ទីតាំងនៅលើផែនទី