ភ្នំខ្នងផ្សារ

រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ដើម្បីទៅកាន់ទីនោះ យើងត្រូវចូលទៅទីស្នាក់ការបរិស្ថានក្នុងភូមិរលាក់កងជើងស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំការជូនដំណើររបស់មន្ត្រីបរិស្ថាន ដែលជួយមើលការខុសត្រូវនិងការពារ។ អ្នកនាំផ្លូវអាចជួយស្ពាយឥវ៉ាន់និងដាំស្លផងដែរ។ ការធ្វើដំណើរពីភូមិទៅជើងភ្នំ ត្រូវជិះគោយន្តសហគមន៍ ប្រមាណ២ម៉ោង។ បន្ទាប់មកគឺដំណើរថ្មើរជើងឡើងភ្នំ ប្រមាណ ៤ទៅ៦ម៉ោង។ ទឹកគួរបម្រុងទុកតាមផ្លូវ ឬមានប្រដាប់ចម្រោះឬដាំទឹកដែលប្រើពេលយូរ។ ត្រូវមានតង់ឬអង្រឹងមានដំបូលប្លាស្ទីកគ្របការពារភ្លៀងឬសន្សើម អាវឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង។ ចំណែកអាហារត្រូវរើសអាហារក្រៀម ហើយស្រាល។ ពេលព្រឹកព្រលឹមយើងគួរធ្វើដំណើរទៅកាន់ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់។ ពេលល្ងាចយើងក៏អាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។

ទីតាំងនៅលើផែនទី