ក្រុងកំពង់ឆ្នាំង

ក្នុងនាមជាខេត្តល្បីខាងផលិតក្អមឆ្នាំងនិងគ្រឿងប្រើប្រាស់មានគុណភាពល្អធ្វើអំពីដី ខេត្តកំពង់ឆ្នាំង អាចមានប្រវត្តិឈ្មោះជាប់ទាក់ទងនឹងមូលហេតុខាងលើ។ ក្រៅពីលក្ខណៈពិសេសនេះ ខេត្តនៅមានសំណល់ បុរាណវត្ថុដ៏ច្រើននៅតំបន់កំពង់លែងជាអាណាខេត្តពីដើម។ ដោយខេត្តនៅជាប់ជួរភ្នំក្រវាញ សក្ដានុពល ទេសចរណ៍ក៏មានច្រើនកន្លែងដែលធ្វើឱ្យខេត្តមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ហើយក៏មានផលនេសាទ ទឹកសាប ដែលជាប់លេខមួយក្នុងប្រទេស។ ប្រវត្តិដ៏ជូរចត់នាសម័យអាណានិគមបារាំង និងទុក្ខវេទនានៃ របបប៉ុលពលក៏បានបន្សល់ស្លាកស្នាមជាច្រើនក្នុងខេត្តដែលមានរាងស្ទើរតែមូលមួយនេះ។ ខេត្តកំពង់ឆ្នាំង បែងចែកជា ៧ស្រុក និងក្រុង១ ដែលរួមមាន ក្រុងកំពង់ឆ្នាំង, ស្រុកកំពង់ត្រឡាច, កំពង់លែង, ជលគីរី, ទឹកផុស, បរិបូណ៌, រលាប្អៀរ និងស្រុកសាមគ្គីមានជ័យ។ ប្រជាជនក្នុងខេត្តមានជិត ៥៣០ពាន់នាក់ ប្រកបដោយដង់ស៊ីតេ ៩៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ខេត្តជាតំបន់ដែលត្រូវគមនាគមន៍ឆ្លងកាត់ទៅកាន់ ខេត្តប៉ែកពាយព្យ មានពោធិ៍សាត់ បាត់ដំបងនិងបន្ទាយមានជ័យ។ កំពង់ឆ្នាំងមាននិមិត្តសញ្ញារក្សាទុកតាំងពីយូរយាគឺរូប ឆ្នាំងដី ព័ទ្ធដោយកួរស្រូវលើផ្ទៃក្រោយជារូបភ្នំនាងកង្រី។

ទីតាំងនៅលើផែនទី