ទីរួមខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំធ្លាប់មានតាំងពីមុនសម័យលង្វែកមកម្ល៉េះ ហើយក៏ជាតំបន់នេះទាក់ទងដល់រឿងទុំទាវ។ ក្នុងសម័យក្រោយមកខេត្តនេះត្រូវបានកាត់បញ្ចូលជាខេត្តកំពង់ចាម លុះដល់ឆ្នាំ ២០១៣ ទើបកាត់ចេញជាខេត្តត្បូងឃ្មុំវិញ ទើបក្លាយជាខេត្តថ្មីជាងគេក្នុងពេលបច្ចប្បន្ន។ ប្រវត្តិឈ្មោះខេត្តនេះគឺត្រូវបានដំណាលថា មានដើមស្ពុងធំមួយដុះជាប់នឹងផ្លូវ ហើយនៅមែកស្ពុងនោះមានឃ្មុំធំ១សំបុក។ ឃ្មុំនោះកាចខ្លាំងណាស់ តែងហើរមកទិចមនុស្សគ្រប់គ្នារត់មិនសព្វដី។ អ្នកមានពិសោធន៍ពីឃ្មុំទិចនោះក៏ប្រាប់អ្នកស្រុកឯទៀតថា បើចង់ឆ្លងកាត់ត្រង់ចំណុចដើមស្ពុងនោះ ត្រូវដើរពីខាងត្បូងឃ្មុំ (ខាងក្រោមខ្យល់) ដើម្បីកុំឲ្យឃ្មុំវាធុំក្លិន ទើបជាប់ឈ្មោះថា “ត្បូងឃ្មុំ” រហូតទល់សព្វថ្ងៃ។ ទាក់ទងនឹងរឿងទុំទាវដ៏ល្បីល្បាញនោះ នៅមានដើមពោធិ៍២ដើម កាលគេចាប់ទុំទៅសម្លាប់ អតីតផ្ទះយាយផាន់ នឹងរូបសំណាកកីតម្បាញថ្ម។ ត្បូងឃ្មុំជាតំបន់ប្រកបដោយចំការ កៅស៊ូល្វឹងល្វើយដាច់កន្ទុយភ្នែក រួមនិងដំណាំឧស្សហកម្មផ្សេងៗ ដូចជាពោត ដំឡូង ព្រមទាំងម្រេចហើយនិងចំការឈើហូបផ្លែជាច្រើន។ ក្រៅពីនេះ ខេត្តនោះមានសំណល់ប្រាសាទបុរាណជាច្រើន ដូចជាប្រាសាទនៅស្រឡប់ពិជ័យ ដែលស្ដេចកនធ្លាប់យកធ្វើជាទីតាំងបន្ទាយរបស់ខ្លួន។ ខេត្តនេះមានស្រុកចំនួន ៦ គឺស្រុក ក្រូចឆ្មារ, ត្បូងឃ្មុំ, តំបែរ, ពញាក្រែក, មេមត់ អូររាំងឪ និងក្រុង១គឺក្រុងសួង។ ដង់ស៊ីតេប្រជាជនមាន ១៤៨នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ និមិត្តសញ្ញារបស់ខេត្តមានរូបជើងពានបុរាណ ដែលត្រូវបានរកឃើញនៅ ភូមិមូល ជិតទីរួមខេត្ត លំអដោយផ្ទៃខាងក្រោយជាក្បាលទឹកឃ្មុំ។ ពណ៌ត្នោតតំណាងដីក្រហមដ៏មានជីជាតិ ហើយពណ៌បៃតងខ្ចីតំណាងភោគផលសក្ដានុពលដំណាំកសិកម្ម ឧស្សាហកម្ម ដែលជាមាសលើដីក្រហម។

ទីតាំងនៅលើផែនទី