ភ្នំបន្ទាយនាង

ភ្នំបន្ទាយនាងជាភ្នំថ្មកំបោរ ដែលបានកំណត់អាយុកាលក្នុងស័កទី១ Paleoccic សម័យ Permi an (២៥១-២៩៩លានឆ្នាំ។។ ភ្នំបន្ទាយនាងជាកូនភ្នំថ្មកំបោរតូចមួយ មានរូងភ្នំមួយចំនួន សិលាចារឹក បំណែកឥដ្ឋបុរាណ និងបំណែកចម្លាក់នៅក្នុងរូងភ្នំ និងវត្តស្ថិតនៅទីនោះផងដែរ។ ភ្នំនេះក៏មានរឿងនិទានពីបុរាណកាលមកដែលមានទំនាក់ទំនងនឹងរឿងនាងរំសាយសក់ ដែលជាប់ទាក់ទងនឹងភ្នំសំពៅ ភ្នំបាណន់ផងដែរ។ ពីអតីតកាលទីនេះជាសមុទ្រ ដែលកើតឡើងដោយកំណកនៃកំបោរ។ ថ្មកំបោរ ជាប្រភេទថ្មដែលកើតពី កំណកនៃជីវៈចម្រុះមួយចំនួន ដែលបានបង្កើតពីការប្រមូលផ្ដុំនៃ សំបកគំ ងាវ, ផ្កាថ្ម, សារាយ, សំណល់ផ្សេងៗ និងកំទេចកំទីសរីរាង្គ ផ្សេងទៀត។ ដោយសារកំណកកំបោរដែលបានពីសារធាតុកំបោរនៃពពួកសត្វសមុទ្រ ភ្នំបន្ទាយនាងក៏បានបន្សល់នូវភស្តុតាងមួយចំនួន ដែលអាចបញ្ជាក់ថា ទីតាំងនេះពិតជាសមុទ្រ ដែលភស្តុតាងទាំងនោះមានផូស៊ីលនៃផ្កាថ្មជាច្រើនប្រភេទ។ ក្រៅអំពីផូស៊ីលនៃសត្វសមុទ្រសម័យបុរាណ ភ្នំនេះជាទីតាំងបុរាណស្ថាន ដែលមាននៅសល់សិលាចារឹកមួយចារជាភាសាសំស្រ្កឹតនៅលើជញ្ជាំងថ្មភ្នំ អាចក្នុងអំឡុងស.វទី៧ គ.ស និងបំណែកឥដ្ឋបុរាណក្នុងរូងភ្នំមួយទៀតនៃភ្នំនោះដែរដែលត្រូវបិទផ្ចិតដោយស៊ីម៉ងត៍។ រួមសេចក្ដីមក ភ្នំបន្ទាយនាងជាទីតាំងផូស៊ីលសត្វសមុទ្រ មួយមានដែលអាយុកាលក្នុងស័កទី១ ក្នុងសម័យ Permian (២៥១-២៩៩លានឆ្នាំ) សិលាចារឹក និងបុរាណវត្ថុមួយចំនួនទៀតផង។

ទីតាំងនៅលើផែនទី