ប្រាសាទអណ្ដែត

ប្រាសាទអណ្ដែត សាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើប្រវែង ៦ម៉ែត្រ កម្ពស់ប្រមាណ ៧ ម៉ែត្រ បែរមុខទៅទិសខាងកើត ស្ថិតនៅខាងកើតមានព្រះវិហារមួយធ្វើអំពីបេតុងសង់នៅឆ្នាំ១៩៥៣។ ប្រាសាទនេះ មានច្រកចូលតែមួយគត់ នៅទិសខាងកើត ហើយទិសដទៃលម្អជាទ្វារបញ្ឆោតធ្វើអំពីឥដ្ឋ តែមិនសូវមានក្បាច់លម្អច្រើនទេ។ នៅផ្នែកខាងកើតសព្វថ្ងៃនៅសល់ផ្ដែរមួយនិងសសរពេជ្រចំនួនពីរដើម។ ផ្តែរទ្វារនេះ មានលក្ខណៈជាសិល្បៈចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ នៅចុងស.វ.ទី៧ ដើមស.វ.ទី៨។ ចំណែកសសរពេជ្រមានរាងមូល លម្អដោយក្បាច់ជាគន្លាក់ៗច្រើនកង់។ ជើងសសរមានទម្រលម្អក្បាច់ស្លឹកឈើរាងត្រីកោណ ចំណែកសសរពេជ្រមានលក្ខណៈស្រដៀងសសរពេជ្រនៅប្រាសាទភូមិប្រាសាទ។ ក្នុងប្រាសាទមានតម្កល់នៅសល់ជើងទម្រមួយដុំ ដែលមានរាងបួនជ្រុងស្មើ ដែលទំនងជាគេដាក់សម្រាប់តម្កល់ប្រតិមាព្រះហរិហរ សព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ប្រាសាទអណ្ដែត គឺជាប្រាសាទសង់ឧទ្ទិសដល់ព្រះហរិហរ ក្នុងលទ្ធិព្រហ្មញ្ញសាសនា ក្នុងរវាងចុងស.វ .ទី៧ ឬដើមស.វ.ទី៨ ពោល គឺអាចក្នុងរវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ឬព្រះនាងជ័យទេវី។

ទីតាំងនៅលើផែនទី