ទឹកធ្លាក់កម្ពស់ប្រមាណជាង ២០ ម៉ែត្រ អមទៅដោយដើមឈើតូចធំ មានទឹកត្រជាក់ស្រេង មិនសូវមានមនុស្សម្នាបានស្គាល់ទេ។ ទេសចរត្រូវធ្វើដំណើរថ្មើរជើងដោយអត់ធ្មត់ ដើម្បីបានទៅលេងទឹកជ្រោះក្បាលដំរីដ៏ស្រស់ស្អាត។ ទីនេះមានទេសភាពល្អខ្លាំងណាស់ ជាពិសេសនារដូវវស្សា ដែលមានទឹកច្រើន ធ្លាក់មកមានសម្រស់ស្អាត សក្បុសតែម្ដង ខណៈនៅរដូវប្រាំងមានទឹកហូរតិចៗប៉ុណ្ណោះ។ ដំណើរផ្លូវព្រៃចំណាយពេលជាង ៣ ម៉ោង ដោយដើរបញ្ច្រាសតាមទឹកហូរចេញពីតំបន់ព្រៃសង្ឃសន្តិវ័នឬឈ្មោះថា «តំបន់អូរអែម»។ គួរបញ្ជាក់ថា ដំណើរផ្លូវព្រៃចាំបាច់មានអ្នកនាំផ្លូវ ព្រោះអាចជួបគ្រោះថ្នាក់ដោយត្រូវដើរប៉ះចំតំបន់គ្រាប់មីន ឬអន្ទាក់សត្វព្រៃ។ ទេសចរក៏ត្រូវត្រៀមវេចខ្ចប់ម្ហូបអាហារដាក់តាមខ្លួន ហើយទាក់ទងរកអ្នកនាំផ្លូវ។