ទឹកធ្លាក់ធ្នស់តាព្រហ្ម

រមណីយដ្ឋានធ្នស់តាព្រហ្ម ឬទឹកហូរប៉ប្រះថ្មធ្នស់តាព្រហ្ម គឺជាតំបន់ធម្មជាតិ ប្រវត្តិសាស្រ្តមួយដ៏យូរយារណាស់មកហើយ ដោយមានសំណល់ទីទួលប្រាសាទបុរាណមួយ ដែលមានទម្រលិង្គនិងយោនី។ បច្ចុប្បន្នទីនោះបានប្រែក្លាយជាអាស្រម តំកល់នូវព្រះពុទ្ធបដិមា។ ទីនេះក៏ជាតំបន់ប្រភពទឹកដ៏សំខាន់បំផុត របស់ស្ទឹងតាំងក្រសាំងឬអាចហៅបានថាជាក្បាលស្ទឹងតាំងក្រសាំងឬស្ទឹងជីនិត មានទឹកហូរកាត់ថ្មប៉ប្រះទឹក ស្ថិតនៅក្នុងព្រៃស្រោង ស្ងាត់ជ្រងំ ឮតែសំឡេងសត្វបក្សីយំ និងសំឡេងទឹកហូរកា់ថ្មប៉ប្រះទឹក។ ធ្នស់តាព្រហ្មមានទំហំប្រមាណ ៤១ ហិកតាដែលមានថ្មក្រាលបាតស្ទឹងរហូតដល់ប្រមាណ២០០ម៉ែត្រ ប៉ុន្តែថ្មដែលផុស ចេញពីផ្ទៃទឹក បង្កើតបានជាថ្មប៉ប្រះទឹកមានប្រហែលជា ២៥ ម៉ែត្រតែប៉ុណ្ណោះ។ រមណីយដ្ឋានធ្នស់តាព្រហ្ម ឬរមណីយដ្ឋានក្បាលស្ទឹងជីនិតនេះមានទឹកហូរជាប្រចាំពេញមួយឆ្នាំ។ នៅរដូវប្រាំងកម្រិតទឹកបានស្រកស្រុតមកនៅត្រឹមហូរកាត់ផ្ទាំងថ្ម អាចឱ្យទេសចរងូតលេងកម្សាន្ត។ ចំណែកនៅរដូវវស្សា កំរិតទឹកស្ទឹងបានជន់ឡើងខ្ពស់ ដោយសារទឹកភ្លៀង ប៉ុន្តែវានៅតែស័ក្ដិសម សំរាប់ការកម្សាន្តដដែល។

ទីតាំងនៅលើផែនទី