វត្តព្រះគុហ៍, វត្តគុហាគង្គា

ទីវត្តមួយស្ថិតនៅជាប់ដងទន្លេមេគង្គដែលមានល្បាក់ថ្មជាប់មាត់ទន្លេមេគង្គលើ។ នៅក្នុងល្បាក់ថ្មនោះគេបានកសាងព្រះពុទ្ធរូបជាច្រើនអង្គ រៀបចំជាទីសក្ការៈ។ វត្តមានស្ថានភាពជាដីចំណោតភ្នំដែលប្រកបដោយទេសភាពស្រស់ស្អាតនៃមាត់ទន្លេគួរជាតិចាប់អារម្មណ៍នៃអ្នកទេសចរណ៍ ដែលអាចទៅសម្រាកលេងស្រូបខ្យល់អាកាសទន្លេបរិសុទ្ធ។ តាមការនិយាយដំណាលតគ្នា របស់ប្រវត្តិ «ព្រះអង្គគុហ៍» គឺ កាលពីទសវត្សឆ្នាំ១៩៤០ ជារូបព្រះពុទ្ធរូបផ្ទំសង់អំពីឈើ បានអណ្តែតក្នុងទឹកទន្លេមេគង្គ ហើយក៏ត្រូវបានអ្នកនេសាទស្រង់ពីទឹកមកប្រគេនចៅអធិការវត្តនេះ ដែលដើមឡើយមានឈ្មោះថា វត្តដើមជ្រៃ។ ប៉ុន្តែច្រើនឆ្នាំក្រោយរូបព្រះអង្គនេះបានពុកផុយ ទើបចៅអធិការវត្ត ក៏សម្រេចកសាងព្រះពុទ្ធរូបដដែលនេះជាថ្មឡើងវិញ។ ដោយបានតម្កល់ខាងក្នុងល្អាងមកទល់សព្វថ្ងៃ និងដាក់ឈ្មោះ «វត្តគុហាគង្គា ហៅវត្តព្រះអង្គគុហ៍»នេះ។ រមណីយដ្ឋានវត្តព្រះអង្គគុហ៍ឆ្នាំកន្លងមកភាគច្រើន សម្បូរតែប្រជាពលរដ្ឋរស់នៅជុំវិញទីនោះ ដែលបានស្គាល់ និងដឹងពីប្រវត្តិតៗគ្នា ដោយពុំសូវមានភ្ញៀវជាអ្នកចម្ងាយទៅលេងកម្សាន្ត គឺសម្បូរ ក្នុងឱកាសបុណ្យទានម្តងៗ។ ចំណែកអ្នកទៅជាប់មិនដាច់រាល់ថ្ងៃនោះ ជាអ្នកមានជំនឿលើការបន់ស្រន់។

ទីតាំងនៅលើផែនទី