សហគមន៍អេកូទេសចរណ៍ធម្មជាតិ រស្មីភូមិពីរគិរីបឹងញ៉ាក ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤។ តំបន់ទេសចរណ៍នេះ លាតសន្ធឹងក្នុងព្រៃសហគមន៍ចំនួនពីរ និងមាន បឹងធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលហ៊ុំព័ទ្ធ ដោយព្រៃឈើនៅត្រើយខាំងកើត និងមានផ្ទៃដីសរុបចំនួន១៩៣ហិកតា។ ទេសចរជាច្រើនបានមកទស្សនានិងកម្សាន្តនៅទីនេះ ដើម្បីហែលទឹកលេង និងជិះទូកកម្សាន្ត។ ក្រៅពីនេះ គេអាចទស្សនាបក្សី ដើរកាត់ព្រៃ ដើម្បីទៅមើលសត្វព្រៃនិងប្រភេទរុក្ខជាតិកម្រជាដើម។ យើងក៏អាចជិះទូកលេងកម្សាន្តលើបឹង ហើយសម្រាកលំហែនៅមាត់ច្រាំងឬតូបអណ្ដែតលើទឹកទៀតផង។ ឯការដើរកម្សាន្តព្រៃវិញ គឺមានផ្លូវសម្រាប់ដើរព្រៃ ឬអាចទៅតាមទូកក៏បាន។ ភ្ញៀវទេសចរអាចរីករាយគយគន់អ្នកស្រុកនេសាទត្រីនៅតាមវាលស្រែដែលនៅក្បែរនោះ ការប្រមូលផលស្រូវជាប្រពៃណី ក្នុងអំឡុងខែធ្នូនិងខែមករា និងអាចគយគន់បក្សាបក្សី ដែលមានប្រមាណជា៣៩ ប្រភេទ រួមទាំងបក្សីទឹកដ៏ស្រស់ស្អាត ដូចជាសត្វត្រុំ រនាល និងត្រដេវិចជាដើម។