មានទីតាំងស្ថិតនៅជាប់មាត់ស្ទឹងសង្កែ វត្តកែវត្រូវបានកសាងឡើងនៅឆ្នាំ១៧៧២។ កាលពីដើមវត្តនេះ គឺជាកោះមួយដែលមានទឹកព័ទ្ធជុំវិញ ទើបគេឱ្យឈ្មោះថា វត្តកោះកែវ ឬ វត្តមុន្នីរតនារាម ក្រោយមកពាក្យនេះបានស្ទួននឹងឈ្មោះវត្តដទៃទៀត ក៍បានប្ដូរឈ្មោះមកវត្តកែវរហូតមកដល់សព្វថ្ងៃនេះ។ ខេត្តបាត់ដំបងជាខេត្តមួយដែលសម្បូរទៅដោយ ប្រាសាទបុរាណនិងសំណង់អគារដែលមានវ័យចំណាស់ជាច្រើន ដូចជា វត្តកែវ នេះជាដើម។ នៅទីនោះមាន ព្រះវិហារបុរាណមួយធ្វើពីឥដ្ឋនិងឈើប្រក់ក្បឿង មានហោជាងធ្វើពីឈើប្រកបដោយក្បាច់ផ្កាភ្ញីដ៏ល្អឯក លាបពណ៌មាសគួរឱ្យចង់គយគន់។ ពិដាននៃព្រះវិហារនេះក៏មានបិទក្បាច់ដ៏ឆើតឆាយ និងស្រស់ស្អាតជាទីបំផុត។ ទេសចរជាតិនិងអន្តរជាតិដែលបានទៅទស្សនានៅវត្តនេះហើយ តែងពោលសរសើរពីស្នាដៃដ៏អស្ចារ្យ ស្រមៃដល់ភាពរីចម្រើនរបស់ព្រះពុទ្ធសាសនាពីអតីតកាល។