វត្តវាំងចាស់, វត្តហរិរក្សរាជិនី

ជាអារាមមួយ ដែលតាមរាជពង្សាវតារជាសាស្រ្តាស្លឹករឹតនៅវត្តកោកកាក បានឲ្យដឹងថា វត្តហរិរក្សរាជិនី ឬវត្តវាំងចាស់នេះ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទអង្គដួង ស្ថិតនៅក្នុងបរិវេណក្រុងឧដុង្គ ដែលព្រះវិហារចាស់ ត្រូវបានជួសជុលឡើងវិញ ព្រមទាំងមានដាក់តាំងកាំភ្លើងធំបុរាណចំនួន ១១ដើមព័ទ្ធជុំវិញ។ ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសមេ្តច ព្រះជ័យជេដ្ឋាទី២ ដូចមានចែងក្នុងព្រះរាជពង្សសាវតាប្រទេសកម្ពុជា។ ព្រះរាជវាំងគឺមានរបងការពារធ្វើអំពីឈើ មានគូទឹកព័ទ្ធជុំវិញ និងមានក្លោងទ្វារមួយចូលពីទិសខាងកើត។ បរិវេណនេះបែងចែកជា៣ផ្នែក ដែលផ្នែកទី១. កន្លែងកងការពារ គឺមានសំណង់ឈើសម្រាប់ទាហានយាមកាម និងមានដាក់កាំភ្លើងធំនៅតាមផ្លូវចូលទៅព្រះរាជដំណាក់។ ផ្នែកទី២ជាកន្លែងសាវនការ និងព្រះរាជដំណាក់។ នៅទីនេះ គឺមានស្រះទឹកធំ២ ហើយនៅក្បែរនោះមានកន្លែងចិញ្ចឹមសេះ និងម្ខាងទៀតមានកូនប្រាសាទតូចមួយ។ នៅក្បែរកូនប្រាសាទគឺជាសាលដ៏ធំសម្រាប់សោយព្រះក្រយា និងទតរបាំ។ នៅខាងស្តាំរោងរបាំគឺមានកន្លែងសម្រាប់តាំងគ្រឿងអលង្ការ កន្លែងសម្រាប់ព្រះរាជាគង់ប្រថាប់កម្សាន្ត និងមានសួនច្បារ។ នៅខាងឆ្វេងរោងរបាំ មានកន្លែងសម្រាប់ព្រះសង្ឃគង់ប្រថាប់ និងមានកន្លែងសម្រាប់ទទួលភ្ញៀវអន្តរជាតិធំ និងសម្រាប់មន្ត្រីជាន់ខ្ពស់។ ផ្នែកទី៣ ខាងក្រោយវាំង គឺជាកន្លែងរោងជាង និងកន្លែងជិះសេះ។ នៅខាងក្រោយព្រះរាជវាំងគឺជាព្រៃ (លោកហង់រី ម៉ូហូត៍ សរសេរថាមានទ្វារមួយទៀតទៅស្រុកស្រែ) ខាងជើងវាំងមានស្ទឹង នៅខាងកើតផ្លូវចេញចូលមានផ្លូវខាងត្បូងទៅភ្នំព្រះរាជទ្រព្យ និងផ្លូវខាងជើងឆ្ពោះទៅកំពង់ហ្លួង។ សូមបញ្ជាក់ផងដែរថា ព្រះបាទអង្គឌួងគឺជាមហាក្សត្រចុងក្រោយដែលបានសោយរាជ្យនៅរាជធានីឧដុង្គ។ ព្រះអង្គត្រូវបានរាជាភិសេកនៅឆ្នាំ១៨៤៥ ដោយប្រទេសសៀម និងអាណ្ណាម ហើយប្រទេសទាំងពីរនេះបានឆ្លៀតយកប្រយោជន៍ពីភាពទន់ខ្សោយរបស់កម្ពុជា ដើម្បីយកទឹកដីនេះចែកគ្នា។ ដោយទ្រាំនឹងការប្រមាថរបស់ស្តេចសៀម និងអាណ្ណាមមិនបាន ព្រះបាទអង្គឌួងបានអំពាវនាវដល់ជនជាតិអង់គ្លេស និងបារាំង ដើម្បីជួយស្វែងរកឯករាជ្យដល់ប្រទេសរបស់ព្រះអង្គ។ នៅក្នុងកំណត់ហេតុរបស់លោក ហង់រី ម៉ូហូត៍ បានរៀបរាប់ថា ព្រះបាទអង្គឌួង ម៉ឺងម៉ាត់ពូកែខាងយុទ្ធសាស្ត្រ ហើយព្រះអង្គនៅតែមានមោទនភាពសម្រាប់ជាតិខ្មែរ បើទោះបីពេលនោះកម្ពុជាកំពុងស្ថិតក្រោមការត្រួតត្រារបស់សៀម និងអាណ្ណាមក៏ដោយ។ ពេលជួបជាមួយលោក ម៉ូហូត៍ នៅខេត្តកំពត ព្រះអង្គបានមានព្រះរាជបន្ទូលថា “វត្តមាននៃជនជាតិអឺរ៉ុបនៅទីនេះ នឹងធ្វើឱ្យជនជាតិអាណ្ណាមភ័យខ្លាច។ សម្រាប់ភាពស្ងប់ស្ងាត់សុខសាន្តរបស់យើង ខ្ញុំសុំឱ្យប្រទេសបារាំង កុំធ្វើសមយុទ្ធណាមួយឡើយ”។

ទីតាំងនៅលើផែនទី