ទឹកធ្លាក់បរឡាងឬទឹកធ្លាក់សំឡូតចាស់ ឬក៏អ្នកខ្លះហៅថា ទឹកធ្លាក់អេនជេលីណា ជោលី អន្ទងទឹកចិត្តទេសចរជាតិនិងអន្តរជាតិមកងូតទឹក និងហក់លោតលើអាងបំពេញដោយមុខទឹកហូរធ្លាក់ ២ តូចៗ និងថ្មលយ រំលេចផ្ទៃទឹកបៃតងស្រស់ក្នុងបរិយាកាសធម្មជាតិ។ ភាពស្រស់បំព្រងនៃទឹកធ្លាក់បង្កប់ខ្លួនក្នុងព្រៃឈើចោលម្លប់ត្រឈឹងត្រឈៃ មួយផ្នែកជាគុណសម្បត្តិរបស់មូលនិធិម៉ាដក្សជោលីភីត (MJP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយតារាភាពយន្ត អេនជេលីណា ជោលី បំណងអភិរក្សព្រៃឈើ សត្វព្រៃធម្មជាតិ និងអភិវឌ្ឍសហគមន៍ក្នុងតំបន់ការពារសំឡូត ដែលជាមាតុភូមិកំណើតកូនប្រុសច្បងរបស់ខ្លួន។ ក្រោយពីសម្រាកមួយភ្លែត មុនពេលឡើងជណ្ដើរឆ្នៃពីខ្នែងឫស្សីទៅកាន់ពយខ្ពស់នៃទឹកធ្លាក់ ភ្ញៀវខ្លះក៏ចង់អើតឈ្ងោកមើលទិដ្ឋភាពនៃភូមិគ្រឹះរបស់តារាហូលីវូដផងដែរ។ ដើមឈើធំៗ រុក្ខជាតិតូចៗ វល្លិ ឫសឈើចាក់ត្របាញ់អែបទឹកធ្លាក់ចង្អូរតូចកម្ពស់ប្រមាណជាង ២ ម៉ែត្រ ហាក់បីដូចជាតួប្រាង្គប្រាសាទ ស័ក្ដិសមជាទីឋានផ្ទៃក្រោយ សម្រាប់អ្នកនិយមផ្ដិតរូបភាពសែលហ្វ៊ីបង្ហោះបង្អួតមិត្តភក្ដិក្នុងបណ្ដាញសង្គម។ ស្ថិតនៅផ្នែកខាងលើនៃទឹកធ្លាក់ ក៏មានរណ្ដៅមួយប៉ុនមាត់លូ និងមានជម្រៅដ៏ល្បីរហូតដល់អ្នកជ្រមុជទឹកអះអាងថា ពួកគេមិនអាចមុជលឹបដល់បាតរណ្ដៅបានទេ។