ទឹកផុសទេទឹកពុះ

ស្ដីពីតំបន់នេះ សូមលើកយកអត្ថបទក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរមកជូនដូចតទៅ៖ ទេទឹកពុះមានទឹកក្ដៅហូរចេញពីក្នុងដីខួបប្រាំង ខួបវស្សា ហើយទឹកនេះ មានសីតុណ្ហភាព៧០អង្សាសេ។ ត្រពាំងនេះ មានលក្ខណៈប្លែក ដែលនាំឲ្យអ្នក ស្រុកជិតខាង និង អ្នកដំណើរណាដែលបានទៅដល់ទីនោះចាប់អារម្មណ៍គ្រប់ៗ គ្នា។ ទំហំត្រពាំង មិនជាធំប៉ុន្មានទេ ប្រមាណជាមាត់រង្វះ ១០០ ម៉ែត្រប៉ុណ្ណោះ។ មាត់ត្រពាំងជុំវិញ មានកក់ដុះខ្នាន់ ខ្នាប់ ពុំដែលមានសត្វធាតុណាមួយ ចូលទៅស៊ី ទៅរុករានឡើយ, ឯដីត្រង់ដុះកក់នោះ មានសភាពទន់ជ្រាយ ល្មមដើរបាន ឥតផុងជើងទេ តែទៅដល់កណ្ដាលត្រពាំង បែរជាមានត្រឹបមួយដុំ ដុះស្មៅខ្លះ កក់ខ្លះ ហើយដីនោះ ជាភក់មមោកស្មោះ។ បើគេចង់ឆ្លងត្រឹបនេះ ទាល់តែយកឈើវែងៗ ដាក់គង រួចដើរសួពីលើឈើនោះទើបបាន។ មានអ្នកស្រុកនិយាយបន្ថែមទៀតថា កាលជំនាន់បារាំង នៅជាអាណាព្យាបាលប្រទេសខ្មែរ កាលនោះ បារាំងទៅ ពិនិត្យមើល ប្រុងនឹងធ្វើស្ពានឆ្លង ហើយបុកសសរស្ពានចំកណ្ដាលត្រពាំង។ ពេលនោះ គេឃើញមានដូចផ្សែង ចំហាយហុយៗ ចេញពីត្រឹបនេះមក។ លុះគេពិនិត្យសង្កេត ក្នុងត្រឹបកណ្ដាលនេះទៅ ឃើញមានថ្មដុំមូលៗ ជាច្រើនដុំ សំបកក្រៅក្រហមៗ របៀបដូចជាថ្មបាយក្រៀម ឯសាច់ថ្មខាងក្នុងពណ៌សក្បុស ហើយនៅចន្លោះៗ ថ្មនោះ មានទឹកថ្លាហូររហែងៗ ចេញពីរន្ធថ្មមកផង។ គម្រោងការស្ថាបនាស្ពាន ពីជំនាន់នោះ ក៏ពុំបាន សម្រេចឡើយ។ រឿងព្រេងរបស់ជនជាតិសួយនោះគឺ ស្ដីពីសេដ្ឋីកំណាញ់ម្នាក់ដែលរៀបការកូនប្រុសបងនិងស្រីប្អូន ជាប្ដីប្រពន្ធកុំឲ្យបែកទ្រព្យ សម្លាប់ក្រពើដែលខ្លួនចិញ្ចឹមយកសាច់វាមកធ្វើម្ហូបលៀងភ្ញៀវ។ បាវស្រីម្នាក់ ឈ្មោះនាងតី ដែលជាអ្នកឲ្យអាហារដល់ក្រពើរាល់ៗ ថ្ងៃ បានយល់សប្ដិឃើញ អ្នកតារក្សាក្រពើ មកប្រាប់ថា កុំស៊ីការកូនសេដ្ឋីឲ្យសោះហ្នា៎!។ ពេលកំពុងស៊ីផឹកអ៊ឹកធឹកជួបជុំគ្នានោះ ស្រាប់តែព្រះធរណីស្រុត ទាំងផែន ចំត្រង់ផ្ទះសេដ្ឋី ដែលកំពុងការកូនលិចបាត់អស់។ នាងតី កាលបើឃើញហេតុអស្ចារ្យដូច្នេះ នាងព្រួយចិត្ត រលឹកអាល័យដល់ចៅហ្វាយក្មេងៗ ទាំងពីរនាក់ ដែលធ្លាប់មានចិត្តសន្ដោសមេត្តាដល់ខ្លួនកាល ពីមុនរៀងមក ហើយនឹកដល់គុណអ្នកតា ដែលបានមកប្រាប់នាង ឲ្យជៀសផុតពីគ្រោះថ្នាក់ក៏ទៅកោរ សក់ថ្វាយអ្នកតា ជាការតបស្នងសងគុណ។ មុននឹងកោរ នាងចុះទៅក្នុងស្រះកក់សក់ឲ្យជោក គឺស្រះជាលំនៅរបស់ក្រពើប្របនឹងខ្ទមអ្នកតា ហើយស្រះនេះ សព្វថ្ងៃ អ្នកស្រុកហៅថា "ត្រពាំងកក់" គឺជាត្រពាំងដែលនាងតីកក់សក់។ រួចនាងឡើងទៅលើទួលកោរ សក់ទៀត បានជាទួលនេះ គេឲ្យឈ្មោះថា "ទួលកោរសក់នាងតី" ដែលហៅក្លាយៗ មកថា "ទួលកោរនាងតី" ជាប់រហូតសព្វថ្ងៃ។

ទីតាំងនៅលើផែនទី