វត្តសោមនស្ស

វត្តសោមនស្សគឺជាវត្តមានព្រះវិហារកសាងក្នុងឆ្នាំ១៩៣៧ ប្រកបដោយគំនូរបុរាណ ស្រដៀងនឹងគំនូរនៅថែវព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង និងនៅវត្តធោធិរុក្ខារាមនៅកំពង់ត្រឡាចលើដែរ។ ប៉ុន្តែគំនូរនេះមិនស្ដីអំពីរឿងព្រះវេស្សន្តរទេ តែជារឿងកម្រមួយក្នុងបញ្ញាសជាតក គឺរឿង មហាជម្ពូបតី គូរក្នុងទសវត្ស ១៩៤០ ដោយជាងឈ្មោះ ភៀន។ គំនូរនៅលើជញ្ជាំងព្រះវិហារចែកជា៣ផ្នែក គឺខាងលើ, កណ្ដាលនិងខាងក្រោម។ នៅផ្នែកខាងលើគេគូររឿងជម្ពូបតីតាមដំណើររឿងដែលឈុតនីមួយៗនៃសាច់រឿងបន្តគ្នារហូតមិនខ័ណ្ឌចែកជាផ្ទាំងៗទេ។ ផ្នែកកណ្ដាលគេគូរពុទ្ធប្រវត្តិទៅតាមចន្លោះទ្វារនិងបង្អួច ឯចំណែកផ្នែកខាងក្រោម គេគូររឿងព្រេងផ្សេងៗដូចជាធនញ្ជ័យ, ចៅចាក់ស្មុក, មរណមាតាជាដើម។ គំនូរផ្នែកខាងក្រោមនោះរលប់ស្ទើរមើលពុំឃើញ។ រីឯលើពិតានវិញ មានតែពុទ្ធប្រវត្តិ២ផ្ទាំងប៉ុណ្ណោះ គឺព្រះអង្គយាងចេញសាងផ្នួស និងព្រះអង្គកាត់ព្រះកេសា។ រឿងជម្ពូបតីនោះដំណាលពីស្តេច ចក្រពត្តិមួយអង្គមានព្រះនាមថា ជម្ពូបតី មានសុពណ៌បាទ (ស្បែកជើង) មួយគូ ដែលអាចបញ្ជាឱ្យធ្វើអ្វីតាមសេចក្ដីប្រាថ្នា។ ស្ដេចបានប្រើសុពណ៌បាទនោះទៅបង្ក្រាបស្តេចនគរដទៃរហូតបានជានគរចំណុះដល់ទៅ១០១។ ថ្ងៃមួយព្រះអង្គបានសម្លឹងឃើញនគររាជគ្រឹះក៏មានព្រះទ័យចង់បានក៏ប្រើសុពណ៌បាទកើតជានាគទៅគម្រាមស្ដេចព្រះបាទពិម្ពិសារនៃនគររាជគ្រឹះ ឱ្យយកសួយសាអាករមកថ្វាយ។ ព្រះបាទពិម្ពិសារភិតភ័យខ្លាំងណាស់ក៏ទូលដំណឹងនេះថ្វាយទៅព្រះពុទ្ធអង្គដែលគង់នៅឯព្រៃវេឡុវ័នដើម្បីឱ្យព្រះអង្គជួយ។ ព្រះពុទ្ធអង្គដោយមានជំនួយពីព្រះឥន្ទ្រក៏ បំបាត់ភាពអំនួតនិងភាពកាចសាហាវរបស់ជម្ពូបតីហើយក៏សុំសាងផ្នួសក្នុងពេលនោះតែម្ដង។

ទីតាំងនៅលើផែនទី