ប្រាសាទវត្តព្រះធាតុថ្មដា ជាបុរាណដ្ឋានចាស់មួយ ដែលនៅទីនោះ រួមមានប្រាសាទព្រះធាតុមួយ និង មានស្រះធំមួយ ដែលមានទទឹង ១៨០ម និង បណ្ដោយ ៩៥០ម មានទឹកថ្លាឆ្វេង ដែលគេឲ្យឈ្មោះថា " ទន្លេស្ងួត "។ ប្រាសាទមានកំពែងពីរជាន់មានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ មានយ៉មួយ និងហោបន្ទាត់ទ្រូង បែរមុខទៅឦសានសង់លើលានមួយ។ ហោត្រៃពីរធ្វើពីឥដ្ឋស្ថិតនៅម្ខាងម្នាក់ នៃបន្ទាត់ទ្រូងនិង ចេតិយចំនួន៦ សង់ពីថ្មដែលយកពីប្រាង្គប្រាសាទរលំបាក់។ កំពែងទីមួយរាង ចតុកោណកែង ធ្វើពីថ្មបាយក្រៀមមានច្រកចេញចូលបីនៅខាងលិចនិងខ្លោងទ្វារកំពែងនៅខាងកើត។ ចំណែកកំពែងទីពីររាងចតុកោណធ្វើពីថ្មបាយក្រៀម។ មានសំណង់ពីរដែលស្ថិតនៅម្ខាងម្នាក់នៃ ផ្លូវចូលខាងកើត។ សំណង់ខាងជើង មានលានថ្មបាយក្រៀមមួយ វែងសណ្តូកកើត-លិចនិង មានលានមួយរាងក្រចកសេះធ្វើពីថ្មបាយក្រៀម ឯសំណង់ខាងត្បូងមានតែលានមួយ ធ្វើពីថ្មបាយក្រៀមស្ថិតនៅទន្ទឹមគ្នានឹងលានខាងជើង។ នៅអមច្រកចូលប្រាសាទខាងស្ដាំ មានព្រះវិហារមួយ ឈ្មោះថា "ព្រះវិហារព្រះចូលនិពាន្ត" គឺពីមុនមាន រូបព្រះចូលនិពាន្ត ប៉ុន្តែបច្ចុប្បន្នត្រូវក្រុមចោរលួចបាត់ហើយ។ ចំពោះរូបសំណាកដែលប្រជាពលរដ្ឋយើងនៅក្នុង តំបន់នោះគោរពរួមមាន រូបសំណាកអាទិទេពវេទ្យវន្ត, រូបសំណាកអាទិទេពវេរោ, រូបសំណាកអង្ក្រង់ភ្លើង, រូបសំណាកអាទិទេពកងចក្រ, រូបសំណាកអាទិទេពហែកពោះ, រូបសំណាក់អាទិទេពស្រីគ្រប់លក្ខ័ណ, រូបសំណាកអាទិទេពទស្សមុខ។