ប្រាសាទសង់ពីឥដ្ឋមានខ្លោងទ្វារធ្វើពីថ្មភក់។ ប្រាសាទមានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោតតាមទិសដទៃ។ ផ្ដែរឆ្លាក់ជាប់លើថ្មភក់ ជញ្ជាំងបីជ្រុងនិងដំបូលត្រូវបាក់បែករលំអស់។ មាននៅសល់ថ្មសម្រាប់តម្កល់គ្រឿងសក្ការៈរាងកាកបាទ។ សព្វថ្ងៃនេះប្រាសាទកប់ក្នុងដីបាត់រូបរាងដើមអស់ច្រើន ប៉ុន្តែគេបានសង់ជាក្លោងទ្វារថ្មីមួយពីមុខ។ នៅក្នុងបរិវេណវត្តនេះ ក៏មានចេតិយបុរាណសម័យកណ្ដាលដទៃទៀត ដែលប្រហែលជាមូលហេតុនៃការហៅឈ្មោះវត្តនេះ គឺវត្តចេតិយឡោតេ។ តាមបញ្ជីរបស់ CISARK នៅត្រើយម្ខាងទៀតនៃអូរជាប់នឹងរបងវត្តនេះ មានប្រាសាទបុរាណបាក់បែកមួយទៀត ឈ្មោះថាប្រាសាទឡោទេ តែនៅសល់តែសំណល់តិចតួចប៉ុណ្ណោះ។