នៅលើដែនដីកោះនៅកណ្តាលផ្ទៃសាគរនៃទន្លេមេគង្គរមណីយដ្ឋានចម្ការស្នេហ៍ ឬ Silk Island បានទាក់ទាញភ្ញៀវទេសចរទាំងខ្មែរ និងបរទេសចេញចូលមិនចេះដាច់ជារៀងរាល់ថ្ងៃ។ ទីនេះមានសេវាកម្មច្រើនសម្រាប់ម្រើអារម្មណ៍ទេសចរទាំងខ្មែរ និងបរទេសដូចជា ចម្ការដើមមនសម្រាប់ចិញ្ចឹមសត្វដង្កូវនាង ជាប្រភពនៃការផលិតសរសៃសូត្រដ៏ល្អប្រណីត សំណង់ផ្ទះជនជាតិភាគតិច៤០ខ្នង សម្រាប់ទុកឲ្យភ្ញៀវចូលទស្សនា ដោយផ្ទះនីមួយៗអាចផ្ទុកមនុស្សបានចំនួនប្រមាណជាបីបួននាក់ប៉ុណ្ណោះ។ ក្រៅពីនេះក៏មានក្យូសប្រក់ស្បូវធំៗមួយចំនួន ដែលជាទីកន្លែងសម្រាក និងទទួលទានអាហារ និងការចូលទស្សនាសិប្បកម្មតម្បាញហូល ផាមួង ពីសូត្រដង្កូវនាងជាដើម។ ដោយឡែកទីកម្សាន្តទឹកនៃចម្ការស្នេហ៍មិនមែនជាអាងហែលទឹក ដែលមានពណ៌ថ្លាខៀវស្រងាត់ និងជីកសង់នៅលើដីគោកដូចតាមសណ្ឋាគារធំៗនោះឡើយ តែអាងហែលទីនេះ ត្រូវបានគេយកចំណែកមួយផ្នែកតូចនៃដងទន្លេមេគង្គផ្ទាល់តែម្តងដោយគ្រាន់តែសង់ស្ពានដើរព័ទ្ធជុំវិញ និងជណ្តើរតោងឡើង ហើយនៅបាតក្រោមជាប្រភេទដីខ្សាច់ ខណៈពណ៌របស់ទឹកវិញគឺមានសភាពប្រែប្រួលទៅរដូវកាលនៃទឹកទន្លេតែម្តង។