ប្រាសាទបាគង, ប្រាសាទឥន្ទ្រស្វារៈ

ប្រាសាទបាគងបានសាងសង់ឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ នៅឆ្នាំ៨៨១ នៃ គ.ស. ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទបាគងជាប្រាសាទមេក្នុងក្រុមរលួស ហើយស្ថិតចំកណ្ដាលនៃទីក្រុងហរិហល័យ។ នេះជាប្រាសាទដំបូងគេសាងសង់អំពីថ្មភក់ប្រកបដោយក្បូរក្បាច់ល្អប្រណិត ដែលគេហៅថា ថ្មនៃឥសៈ ហើយតំណាងភ្នំសុមេរុ ព្រោះស្ថិតចំកណ្ដាលនៃទីក្រុងហរិហល័យ។ ប្រាង្គកណ្ដាលនៃប្រាសាទត្រូវបានជួសជុលនៅសតវត្សរ៍ទី១២ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ ទើបក្បាច់ក្បូរលំអមួយចំនួនស្ថិតក្នុងរចនាបថអង្គរវត្ត។ ក្រោយមកទៀតរវាងឆ្នាំ១៩៣៦ដល់១៩៤៤ កំពូលនៃប្រាង្គកណ្ដាលនេះដែរបានរលំបាក់ហើយត្រូវបានជួសជុលដោយលោក ហ្លែស្ស។ ប្រាសាទបាគងមានកំពែង ២ ជាន់ ដែលកំពែងខាងក្រៅមានទំហំ ៩០០x៧០០ម៉ែត្រ ហ៊ុមព័ទ្ធដោយគូទឹកដែលតំណាងឱ្យមហាសមុទ្រ និងមានផ្លូវចូលពីខាងកើតនិងខាងលិច លំអដោយបង្កាន់ដៃនាគ។ ចម្លាក់លំអទាំងឡាយនៅតាមជញ្ជាំងនៃខឿន ត្រូវបានខូចខាតភាគច្រើន។ ប្រាសាទបាគងគឺជាប្រាសាទភ្នំមានរាងជាសាជី ដែលតំណាងឱ្យភ្នំសុមេរុនៅកណ្ដាលទ្វីបទាំង៥ដែលតំណាងដោយថ្នាក់ទាំង៥នៃប្រាសាទ។ មានប្រាង្គឥដ្ឋចំនួន៨ស្ថិតនៅជុំវិញប្រាសាទនេះនិងមានជណ្ដើរពីគ្រប់ទិស។ សិលាចារឹកមាននៅនៅអគារខាងជើង ចំណែកនៅខាងមុខ មានហោត្រៃពីរធ្វើពីថ្មភក់បែរមុខទៅរកផ្លូវចូល។ ប្រាង្គកណ្ដាលនៃប្រាសាទព្រះបាទឥន្ទ្រវរ្ម័នទី១បានកសាងព្រះវិស្ណុមួយអង្គដៃ៨ព្រមទាំងលិង្គរជ្ជកាលមួយឈ្មោះថា ស្រីឥន្ទ្រស្វរៈ ដើម្បីជានិមិត្តរូបនៃ សម័យកាលរបស់ទ្រង់ផងដែរ។

ទីតាំងនៅលើផែនទី