ទឹកធ្លាក់ស្ទឹងគ្រញូង

រមណីយដ្ឋានកែឆ្នៃមួយនាស្រុកសំឡូត ដែលទាក់ទាញទេសចរមកពីជិតឆ្ងាយនោះ ទំនងជាធ្វើឱ្យយើងទាយថាទីនេះច្បាស់ជាសម្បូរទៅដោយដើមគ្រញូងមិនខាននោះទេ។ គេបានតំណាលថា កាលពីមុនមានគល់គ្រញូងងាប់ដ៏ធំមួយដើមធ្លាក់អណ្ដែតតាមទឹកស្ទឹងពីតំបន់ព្រៃភ្នំខាងលើ ហើយក៏មកទើរនៅទីនេះក៏ដោយសារតែមានផ្ទាំងថ្មច្រូងច្រាងជាច្រើន ទើបក្រោយមកអ្នកភូមិក៏ប្រសិទ្ធនាមថាស្ទឹងគ្រញូងតរៀងមក។ ស្ទឹងគ្រញូងប្រកបដោយវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូចធំដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃលើផ្ទៃដី ៥ ហិកតា នៅជាប់នឹងមាត់ស្ទឹងដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា។ ទេសចរក៏អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹងមានថ្មរដិបរដុបផុសឡើងរាយប៉ាយ។ ម្ចាស់រមណីយដ្ឋានរៀបរាប់ថា កាលពីមុននៅទីនេះជាទីវាលមានព្រៃដូចសព្វថ្ងៃនិងស្ទឹងតែផ្លូវចូលមានការលំបាកធ្វើដំណើរមកកម្សាន្តជាកម្មសិទ្ធិរបស់រដ្ឋ។ ចាប់តាំងពីឆ្នាំ ២០១៥ មកគាត់ទទួលបាននូវសិទ្ធិជួលពីអាជ្ញាធរតំបន់ ហើយក៏បានជួយកសាងផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះរួចបានកែខៃឱ្យក្លាយជាទីកន្លែងកម្សាន្តមួយដ៏ល្បី។

ទីតាំងនៅលើផែនទី