ប្រាសាទនេះមានកំពែង៣ជាន់ ច្រកចូលពីទិស ខាងកើតប្រាសាទ ដែលក្នុងកំពែងទី១ មានហោត្រ័យ២ បែរមុខទៅទិសខាងលិច និងមានក្លោងទ្វារ ចំនួន៤។ នៅតាមជ្រុងកែងនីមួយៗ មានទ្វារ២ ទៀត។ ចំណែកក្នុងកំពែងទី២ មានស្រះ២នៅចំហៀងសងខាង មានកំពែងថ្មបាយក្រៀម កំពស់ ៣ម. មានក្លោងទ្វារថ្មបាយក្រៀម២ រាងជាកាកបាទមានទ្វារចូលមួយ និងមានបន្ទប់ នៅសង ខាង គឺខាងលិចនិងខាងកើត ឯទ្វារ២ ទៀតនៅទិសខាងជើងនិងខាងត្បូង។ ប្រាសាទមានកសិន្ធុមួយ និងមានស្រះធំមួយនៅខាងកើត ដែលនៅកណ្តាលមានកោះមួយ ជាប្រភពសិលាចារឹកលេខK40។ ប្រាសាទសង់តាមរចនាបថបាយ័ន ប៉ុន្តែមានការកែប្រែខ្លះនៅសម័យកាលក្រោយមកទៀត។ប្រាសាទសង់ក្នុងសម័យអង្គរ សត. ទី១៣ ឧទ្ទិសដល់ព្រះពុទ្ទសាសនាមហាយាន។ សំណង់ធ្វើអំពីថ្មភក់ និង ថ្មបាយក្រៀម មានកំពស់ ១១ម បណ្ដោយ ៤២ម និង ទទឹង ៣៦ម ហើយមានកំពែងខាងក្រៅធ្វើអំពីថ្មបាយក្រៀម។ ចម្លាក់ថ្មមួយអង្គនៅច្រកទ្វារចូលប្រាសាទតំណាងព្រះពោធិសត្វ នាចុងស.វទី១២ ដើមស.វទី១៣ ដែលអ្នកស្រុកចាត់ទុកថា ជាវត្ថុស័ក្តិសិទ្ធិ ត្រូវបានជនទុច្ចរិតលួចបាត់នៅរវាងឆ្នាំ២០០៨។ រឿងនិទានទាក់ទងនឹងប្រាសាទនេះ គឺ កាលស្ដេចព្រះនាមព្រះកេតុមាលាទ្រង់យាងកម្សាន្តទីនោះ ពេលនោះ មានយាយម្នាក់បានថ្វាយកូនក្រមុំមួយ ឈ្មោះនាង "ពៅ" ជាស្នំ។ គង់នៅទីនោះ បាន ៣ ខែ នាងក៏មានគភ៌ ព្រះរាជាក៏ត្រូវយាងទៅវាំងវិញ ទើបទុកព្រះទម្រង់ មួយជាកេរ្តិ៍។ ពេលនាងពៅប្រសូតិបានព្រះរាជបុត្រមាននាមថា "អង្គព្រំកុមារ " ទើបស្ដេច ទ្រង់ចាត់អង្គព្រំឲ្យមកធ្វើជាចៅហ្វាយស្រុកបានងារជាស្ដេចត្រាញ់នៅទីនោះ។ អង្គព្រំបានចាត់ឲ្យសាងប្រាសាទ ២ មួយជូនមាតា មួយគង់នៅផ្ទាល់ព្រះអង្គ ហើយចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង។ ប៉ុន្តែនេះគ្រាន់តែជារឿងនិទាន ដែលភ្ជាប់តគ្នាជាមួយប្រាសាទយាយពៅតែប៉ុណ្ណោះ។