ក្រុងសិរីសោភ័ណ

ខេត្តស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានក្ដានុពលសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ច្រកអន្តរជាតិផ្លូវគោកធំជាងគេជាមួយប្រទេសថៃ គឺក្រុងប៉ោយប៉ែតកំពុងទទួលបានភ្ញៀវទេសចរណ៍យ៉ាងកុះករ តាមរយៈកាស៊ីណូខ្នាតអន្តរជាតិដែលបើកឱ្យមានការចូលលេងកំសាន្តទាំងយប់ទាំងថ្ងៃ។ ក្រៅពីនេះទៀតខេត្ត មានតំបន់កម្សាន្តមួយចំនួនទៀត រួមមានទេសចរណ៍បែបប្រវត្តិសាស្ត្រមានជាអាទិ៍ប្រាសាទបន្ទាយឆ្មារ បន្ទាយទ័ព និងតំបន់ប្រាសាទដទៃផ្សេងទៀត ដែលមិនទាន់បានអភិវឌ្ឍន៍។ ប្រវត្តិដ៏ជូរចត់របស់ ខេត្តនេះកើតឡើងនៅសម័យខ្មែរដុនដាប បានត្រូវគ្រប់គ្រងដោយសៀម ហើយបន្ទាប់មកត្រូវបានបារាំងទាមទារឱ្យមកខ្មែរវិញក្នុងរាជ្យព្រះស៊ីសុវត្តិ។ នៅពេលដែលសៀមបានកាន់កាប់នោះ ក៏បាន ប្រែឈ្មោះខេត្តបន្ទាយមានជ័យ ជាខេត្តស៊ីសុផុន។ នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។ នៅឆ្នាំ ១៩៩៨ ខេត្តនេះត្រូវបានបង្កើតឡើងវិញដោយកាត់ចេញពីខេត្តបាត់ដំបង។ បើគិតពីចំនួន បន្ទាយមានជ័យជា ខេត្តសម្បូរទៅដោយប្រាសាទបុរាណលំដាប់លេខ៤ បន្ទាប់ពីសៀមរាប ព្រះវិហារនិងកំពង់ធំ។ តំបន់ទេសចរណ៍ ក្រៅពីនេះក៏មានរមណីយដ្ឋានធម្មជាតិនិងកែឆ្នៃដទៃច្រើនទៀត។ ខេត្តបន្ទាយមានជ័យបែងចែកជា ៧ស្រុក ដែលមានស្រុកថ្មពួក, ព្រះនេត្រព្រះ, ភ្នំស្រុក, មង្គលបូរី, ម៉ាឡៃ, ស្វាយចេកនិងអូរជ្រៅ រួមនិងក្រុង២ ទៀត គឺ ក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត។ ចំនួនប្រជាជនសរុបជិត ៩០០ពាន់នាក់ និងដង់ស៊ីតេ ១២៩នាក់ក្នុង មួយគីឡូម៉ែត្រការ៉េ។ និមិត្តសញ្ញាខេត្តមានរូបព្រះអវតា អវលោកិស្វរៈនៃប្រាសាទបន្ទាយឆ្មារ មានព្រះហស្ត៣២ ឈរលើកងចក្រ អមដោយកួរស្រូវ។

ទីតាំងនៅលើផែនទី