ទំនប់ទឹកសម័យប៉ុលពត ដែលត្រូវបានជួសជុលឡើងវិញសម្រាប់តម្កល់ទឹកស្រោចស្រពដំណាំ និងប្រើប្រាស់បានក្លាយជាទឹកជ្រោះសិប្បនិមិត្ត។ វាបានបង្កើតជាផ្លូវទឹកពត់ពេនផុសត្រសងរុក្ខជាតិផ្កាស្មៅ ចាំងឆ្លុះជួរភ្នំឱរ៉ាល់ ដែលមានសំណង់តួទំនប់ប្រវែង ៣០០០ ម៉ែត្រ សំណង់សិល្បការតូចធំសរុបចំនួន ៤ កន្លែង និងផ្លូវចូលទំនប់១ខ្សែប្រវែង១០០០ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃស្រែវស្សាជាង ១ ពាន់ហិកតា និងស្រែប្រាំងជាង ១០ ហិកតា ក៏ដូចជាដំណាំរួមផ្សំប្រមាណ ២០ ហិកតាទៀត។ ក្រៅពីនេះ ប្រព័ន្ធធារាសាស្ដ្រក៏ដើរតួនាទីកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតដែរ។ ភ្ញៀវទេសចរណ៍អាច គយគន់ពីខ្នងទំនប់ពាមល្វាទៅកាន់ជួរភ្នំឱរ៉ាល់ រំលេចនូវទស្សនីយភាពដ៏ស្រស់ត្រកាលជាមួយនឹងរូបភាពចែវទូកតាមផ្ទៃបឹងពត់ពេនតាមព្រៃស្មៅខ្ពស់ៗ។ នៅបរិវេណនោះ មានទឹកធ្លាក់យ៉ាងស្មើមុខកាត់ជាង ១០ ម៉ែត្រ និងកម្ពស់ ៥ ម៉ែត្រ ប្រឡាយសម្រាប់អុំទូកលេងកម្សាន្ដ ទេសភាពជួរភ្នំឱរ៉ាល់បៃតងស្រស់ ឆ្លុះផ្ទៃមេឃពណ៌ខៀវខ្ចី រួមនឹងទិដ្ឋភាពទឹកធ្លាក់សិប្បនិម្មិតគ្រប់រដូវក្យូស ព្រមទាំងទីសម្រាកទទួលទានអាហារ។