រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅម្តុំគ្នា គឺ ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ» ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើងភ្នំ។ ឯមន្ទីរ និងរាជវាំងនានាត្រូវបាក់បែករូបរាងដោយនគរភ្នំជំនាន់នោះមានសង្រ្គាម។ បាភ្នំមានទេសភាពល្អត្រកាល កាលណាយើងឡើងដល់កំពូលភ្នំមើលមកក្រោម និងមានផ្ទាំងថ្ម រូងថ្មធំៗ ដែលជាដែនជំរកសត្វព្រៃមួយចំនួនលាក់ខ្លួនបាន។ នៅជើងភ្នំមានវត្តឈ្មោះថា «វត្តភ្នំ» ឬ «វត្តបាភ្នំ»។ រមណីយដ្ឋានបាភ្នំជារមណីយដ្ឋានកែច្នៃមានផ្លូវ និងសំណង់ប្រាសាទថ្មីមានក្បាច់ចម្លាក់បុរាណព័ទ្ធជុំវិញភ្នំ ប្រកបដោយជណ្ដើរ ពីរនិងអាស្រមនានាផងដែរ។