ប្រាសាទនាងខ្មៅ (តាកែវ)

ប្រាសាទសម័យអង្គរមួយនេះស្ថិតក្នុងរចនាបថកោះកេរ ដែលសង់លើទីតាំងចាស់។ ប្រាសាទនេះមានប្រាង្គចំនួនបី ប៉ុន្តែសព្វថ្ងៃសល់តែតួប៉មចំនួន២ប៉ុណ្ណោះ។ ប្រាង្គនីមួយៗនៃបា្រសាទសង់លើខឿនខ្ពស់ បែរមុខទៅទិសខាងកើត និងមានទ្វារបីទៀតជាទ្វារបញ្ឆោត។ ប្រាសាទនេះសង់អំពីឥដ្ឋ មេទ្វារ ផ្តែរ និងសសរពេជ្រ សង់ពីថ្មភក់។ ប្រាង្គនីមួយៗ ទំហំ ៤ ម៉ែត្រ ៤ ជ្រុង និង កម្ពស់ ១០ ម៉ែត្រ។ ប្រាង្គខាងត្បូងនៅលើមេទ្វារមានសិលាចារឹកលេខ K35 ទំហំ ២២០សម. X៥៨សម. X ២៧សម. នៅក្នុងសិលាចារឹកមានពត៌មានស្តីពីព្រះបាទជយវរ្ម័ន៤ សាងថ្វាយព្រះវិស្ណុនាម ស្រីលោកនាថ ក្នុងប្រាសាទមានបំណែកបល្ល័ង្គ ។ ប្រាង្គខាងជើង នៅលើមេទ្វារមានសិលាចារឹកលេខ K36 ទំហំ ២០០សម. X៥៨សម. X ២៧សម.។ ប្រាង្គខាងត្បូងគេសព្វថ្ងៃលែងមានរូបរាងទៀតហើយ (មានសង់ចេតិយថ្មីត្រួតពីលើ) តែមេទ្វារប្រាង្គខាងត្បូងនេះ មានសិលាចារឹក លេខ K37 ចារឹកនៅស.វ.ទី៧ និងមានសិលាចារឹកមួយទៀតលេខ K765 សម័យបុរេអង្គរដែរ។ ប្រាសាទនេះក៏មានរឿងនិទានទាក់ទង ថាមានស្ដេចមួយព្រះអង្គគង់នៅលើភ្នំជីសូរ មានព្រះរាជបុត្រី ព្រះនាម នាងខ្មៅ។ នាងខ្មៅបានលួចលាក់ទាក់ទងជាមួយបណ្ឌិតស្រី ទើបនឹងសឹក មានរូបឆោមល្អល្អះ ចេះមន្តអាគមវិជ្ជាការ។ ដំណឹងនេះមិនបាត់ស្ងាត់ ក៏លេចឮដល់ស្ដេច ទ្រង់ខ្ញាល់ជាខ្លាំងក៏ហៅពួកពេជ្ឈឃាដឱ្យយកកូនទៅសម្លាប់ ប៉ុន្តែត្រូវបានព្រះមហេសីអង្វរករសូមសម្រាលទោសមកត្រឹមបំបរបង់ចេញពីរាជវាំង ទើបស្ដេចក៏ទ្រង់អនុញ្ញាត ហើយបង្គាប់ទៅសេនាបតីឲ្យធ្វើប្រាសាទ ២ ចម្ងាយអំពីព្រះដំណាក់ទៅ ៣ យោជន៍ឲ្យនាំព្រះនាងខ្មៅទៅនៅទីនោះ។ បន្ទាប់មក នាងបានជួបនឹងភិក្ខុមួយអង្គ នាម កែវ ក៏ទូលសូមលោកសឹកចាកសិក្ខាបទជាឃរាវាស នៅរួមសុខជាមួយព្រះនាងខ្មៅ ក្នុងប្រាសាទនោះទៅ។ នេះគ្រាន់តែជារឿងនិទានដែលជាប់ទាក់ទងនឹងប្រាសាទស្រះកែវនៅជិតនោះ ដែរ។ ក្រៅពីប្រាសាទនាងខ្មៅ ដែលស្ថិតនៅក្នុងទីអារាមនេះ វត្តក៏ល្បីល្បាញខាងសម្រស់នៃសំណង់នានា ដែលកសាងឡើងជាបន្តបន្ទាប់។ ជាពិសេសនៅទីនេះជាមជ្ឈមណ្ឌលពុទ្ធសាសនាដ៏ធំមួយ ដែលមានសាមណេររាប់រយអង្គនៅបួសរៀន (២០១២) ក្រោមការណែនាំរបស់ព្រះគ្រូចៅអធិការ ជួន កក្កដា។ សំណង់ថ្មីៗជាច្រើនដូចជាកុដិដ៏វែងជាប់មាត់ស្រះ ព្រះវិហារប្រណិត និងសំណង់ពុទ្ធសាសនាដទៃទៀត។

ទីតាំងនៅលើផែនទី