ទឹកធ្លាក់វាលថ្មហួត ដែលនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីវត្តតាំងយូ។ ទឹកធ្លាក់ដ៏មានប្រជាប្រិយភាពមួយនៅតំបន់នោះមិនសូវមានអ្នកបានទៅដល់។ នៅទីនោះខ្សែទឹកហូរមកពីទីឆ្ងាយតាមបណ្ដោយស្ទឹង ហូរធ្លាក់ជាច្រើនដំណាក់ កាត់វាលដ៏ធំ ដែលអ្នកក្នុងតំបន់នេះ ហៅថាវាលថ្មហួត។ ទឹកធ្លាក់វាលថ្មហូតមានកម្ពស់ ប្រមាណជា ១៥ ម៉ែត្រ មានទឹកធ្លាក់ជាបីដំណាក់។ ដំណាក់ខាងលើភ្ជាប់ពីស្ទឹងកម្ពស់ ប្រហែល១ម៉ែត្រកន្លះ ហូរបន្តទៅដំណាក់ទីពីរកម្ពស់ប្រហែលជាងមួយម៉ែត្រ និងបន្តហូរធ្លាក់ទៅដំណាក់ទី៣ ដែលមានកម្ពស់ប្រហែលជិត១០ម៉ែត្រ។